ប្រជាជនងាយរងគ្រោះបំផុត ៥០គ្រួសារ រស់នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានអំណោយ សម្តេចប្រធានកាកបាទក្រហមកម្ពុជា

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិចំនួន៥ នៃឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន នាដល់គេហដ្ឋាន ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមឱ្យគ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន ។

ខណៈនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ ក៏បាននាំយកអំណោយ ជូនដល់លោក សឹង ភឺន អាយុ ៧៥ឆ្នាំ ប្រកបមុខរបរឡើងត្នោត ប្រពន្ធអាយុ ៥៣ឆ្នាំ មានជំងឺប្រចាំកាយ ព្រមទាំងមានកូនប្រុសម្នាក់មានជំងឺខ្សោយសតិពីកំណើតផង មានអង្ករ ១០០គីឡូក្រាម, មី៤កេស, ត្រីខ៤០កំប៉ុង, ទឹ កស៊ីអ៊ីវ ៤យួរ, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ និងថវិកា ១លានរៀល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner