សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

(ភ្នំពេញ)៖ បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងរចនាសម្ព័ន្ធរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាក្រសួងស្ថាប័នដទៃទៀតផងដែរ។ បច្ចុប្បន្នក្រសួងបាន និងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍» ដែលកំណត់អំពីការរៀបចំនូវរចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការ និងមុខងាររបស់អង្គភាពចំណុះ ប្រកបដោយប្រសិទ្ធភាពការងារនៃការចូលរួមការបដិវត្តសង្គមឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសិក្ខា​សាលា សហការរៀបចំដោយ ក្រសួងមុខងារ​សាធារណៈ និងក្រសួងប្រៃសណីយ៍ ស្តីពី «ការពិនិត្យ​ឡើង​វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការពិនិត្យឡើងវិញ ការវិភាគមុខងារ រចនាសម្ព័ន្ធក្រសួង ដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងពិនិត្យលើឯកសារ​គោលនយោបាយពាក់ព័ន្ធនានាបន្ថែមទៀត។

ក្រសួងក៏បានពិនិត្យឡើងវិញ និងវិភាគលើទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ មួយចំនួន ដូចជាការពង្រឹង ការអនុវត្តមុខងាររបស់ក្រសួង ទាំងអភិក្រមការងារ ធនធានមនុស្ស និងធនធានថវិកា ព្រមទាំងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាជន និងក្រសួង ស្ថាប័នផ្សេងៗ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធក្រសួងឱ្យមានរបៀបរៀបរយកាន់តែល្អប្រសើរ សំដៅធានាឱ្យបានការវិភាគមុខងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ។

បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន និងកំពុងអភិវឌ្ឍមុខងារ និងភារកិច្ចដែលមានចែងក្នុងអនុក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ហើយបន្ទាប់ពីបានពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធ ដោយផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យអភិបាលកិច្ច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្វែងរកឃើញមុខងារគោលសំខាន់ៗ ដោយដកស្រង់ចេញពីគោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផង និងតាមរយៈការពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន្ធពាក់ព័ន្ធផង ។

សូមជម្រាបថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner