ព្រះមហាក្សត្រ៖ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ ។ ព្រះរាជបន្ទូលព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គម ជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ។ លើសពីនេះទៅទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាង៖
ទី១៖ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម ។
ទី២៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង។
ទី៣៖ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ ។
ទី៤៖ វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ញាប និងថែរក្សាអត្តសញ្ញាណ ព្រលឹង ជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបញ្ជាក់ថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀន សូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាត។ ក្នុងចំណោមនោះមានមួយចំនួនបានក្លាយ ទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋ។ ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះអង្គសូមអរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏ អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើង វិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន

ads banner