រដ្ឋមន្ត្រីកសិកម្មជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ច កសិកម្ម និងសន្តិសុខស្បៀង

សៀមរាប៖អង្ករជាអាហារចម្បងសម្រាប់ប្រជាជនជាងពាក់កណ្តាលនៃ​ពិភព​លោក និងជាចំណុចកណ្តាល​នៃសេដ្ឋកិច្ច​កសិកម្ម និងសន្តិសុខស្បៀង​របស់​កម្ពុជានោះ ពេលនេះប្រឈមមុខនឹងបញ្ហាយ៉ាងជ្រាលជ្រៅ ដែលទាម​ទារ​ឱ្យមាន​ការ​យកចិត្តទុកដាក់ជាបន្ទាន់ ។នេះជាការគូសបញ្ជាក់​របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងវេទិកាថ្នាក់​តំបន់​ស្តីពីសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាបកាលពី​ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម ឌិត ទីណា បានបន្តថា បច្ចុប្បន្ន វិស័យកសិកម្មបានជួបប្រទះ​បញ្ហាធំៗ​ដូចជា ការកើនឡើងសីតុណ្ហភាព, ភ្លៀង​ធ្លាក់ខុសប្រក្រតីជាដើម។ការរំខានទាំងនេះកំពុងប៉ះពាល់ដល់ផលិតភាពរួចហើយធ្វើឱ្យប៉ះពាល់ដល់​ជីវភាពកសិករ​រាប់​លាននាក់ ។ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនដែរ ឈរនៅផ្លូវបំបែកនៃបញ្ហាប្រឈម និងឱកាសក្នុងការ​ផ្លាស់ប្តូរ​វិស័យកសិកម្ម​របស់ខ្លួន។ យើងប្រឈមមុខនឹងការគំរាមកំហែងដូចគ្នា  អស្ថិរភាពអាកាស​ធាតុ កង្វះធនធាន និងការប្រែ​ប្រួល​ទីផ្សារ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា យ៉ាងណាក៏ដោយ យើងក៏ឃើញផងដែរនូវ​សក្តានុពលដូចគ្នាដែលផ្តល់អំណាច​ដល់កសិករ​របស់​យើង ក្នុងការ​ប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់ភាពជាដៃគូ ។នៅកម្ពុជា កសិកម្មគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច​របស់​ប្រទេសដែលដើរតួនាទីយ៉ាង​សំខាន់ក្នុងការធានាសន្តិសុខស្បៀង ,បង្កើតការងារ ,បង្កើតប្រាក់ចំណូល និងផលិតទំនិញ​នាំចេញសម្រាប់ទីផ្សារអន្តរជាតិ។ ដើម្បីពន្លឿនការអភិវឌ្ឍ​របស់ខ្លួន ការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងដៃគូអភិវឌ្ឍន៍​របស់រដ្ឋាភិបាល និងវិស័យឯកជនគឺចាំបាច់ណាស់។ ស្ថិរភាពតម្លៃក្នុងវិស័យកសិកម្មមិន​គ្រាន់តែជាគោលដៅសេដ្ឋកិច្ច​ប៉ុណ្ណោះទេ តែជាខ្សែជីវិតសម្រាប់កសិកររាប់​លាននាក់ដែលពឹងផ្អែកលើកសិកម្មសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។

ការប្រែប្រួលនៃទីផ្សារពិភពលោក រួមជាមួយនឹងការកើនឡើងថ្លៃដើមផលិតកម្ម និងភាពមិនច្បាស់លាស់នៃអាកាសធាតុ ទាមទារដំណោះស្រាយប្រកប​ដោយ​ភាព​ច្នៃប្រឌិត។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញថា យុទ្ធសាស្ត្រសំខាន់​មួយរបស់យើងក្នុងការដោះស្រាយបញ្ហានេះ​គឺការលើកកម្ពស់សហគមន៍កសិកម្មទំនើប។ សហគមន៍ទាំងនេះផ្តល់សិទ្ធិ​អំណាច​​ដល់កសិករក្នុងការប្រមូលផ្តុំធនធាន ចូលទីផ្សារកាន់តែមានប្រសិទ្ធភាព និងចរចាតម្លៃសមរម្យសម្រាប់ផលិតផ​លរបស់ពួកគេ។ ពួកវាក៏ជាយានជំនិះសម្រាប់ការបង្កើតថ្មី ដែលអាចឱ្យកសិករទទួលយកការអនុវត្តប្រកប​ដោយភាព​ឆ្លាតវៃពីអាកាសធាតុ និងរួមបញ្ចូលឧបករណ៍ឌីជីថលដូចជា ផ្ទាំងគ្រប់គ្រងតម្លៃដំណាំ ដើម្បីបង្កើនផលិតភាព និងភាពធន់​របស់ពួកគេ។

សូមជម្រាបថា វេទិកានេះរៀបចំឡើងដោយអង្គការរ៉ាចា ចាប់ពីថ្ងៃទី១៦-២១ ខែកុម្ភៈ ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនឹងអង្គការដៃគូជាតិ និងអន្តរជាតិ ជាង១០ប្រទេស ក្នុងគោលបំណង​ដើម្បី​លើកទឹក​ចិត្តឱ្យមានកិច្ចសហការអន្តរវិស័យ និងពហុវិស័យ ក្នុងចំណោមអ្នកជំនាញការលើការប្រែប្រួលអាកាសធាតុ អាហារូបត្ថម្ភ និងកសិកម្ម រួមនឹងការផ្លាស់ប្តូរឥរិយាបថសង្គម សម្រាប់ការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៃប្រព័ន្ធស្បៀង។
ដោយ៖ប៊ុន រដ្ឋា

ads banner