ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គោលបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺចង់ឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យទាំងអស់គ្នា

(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលជាអតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ៦A នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គោលបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺចង់ឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យទាំងអស់គ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា បញ្ហាជាប់គាំងដែលអាចដោះស្រាយបានលុះត្រាតែមានការឯកភាពគ្នា ដូច្នេះអ្នកដែលបានឯកភាពទទួលយកបណ្ណកម្មសិទ្ធិ គឺត្រូវទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ចំណែកឯអ្នកដែលមិនទាន់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ ត្រូវមានស្មារតីសហការចូលរួមជាមួយគ្នាទាំងខាងបុរី ក្រសួងនិងប្រជាពលរដ្ឋជាអតិថិជនបុរី ដើម្បីដោះស្រាយបញ្ហាជាប់គាំងនិងសម្រេចបានលទ្ធផលល្អប្រសើរបន្តទៀត ។ ជាមួយនឹងការជួយសម្របសម្រួលដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ក្នុងការទៅរកសេវាធនាគារឬមីក្រូហិរញ្ញវត្ថុដែលត្រឹមត្រូវ និងអាចសម្របសម្រួលលក្ខខណ្ឌនានាក្នុងការខ្ចីប្រាក់បានល្អប្រសើរថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ចំពោះប្រជាពលរដ្ឋជាអតិថិជនបុរីដែលមិនទាន់បានសាងសង់ផ្ទះនៅក្នុងបុរីឡេងណាវ៉ាត់ត្រា ៦A នោះហើយចង់រស់នៅក្នុងទីនោះដែរ ខាងក្រសួង នឹងជួយសម្របសម្រួលជូន ទាំងខាងអតិថិជន និងខាងបុរីដើម្បីធ្វើយ៉ាងណាដោះស្រាយការងារនេះឱ្យដំណើរការទៅមុខ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បញ្ហាចម្បងដែលត្រូវរួមគ្នាគិតគូរនោះ គឺដោយសារនេះជាភូមិថ្មីដែលប្រជាពលរដ្ឋជាអតិថិជនបុរីទាំងអស់ត្រូវរៀនរស់នៅជាមួយគ្នា ដោយអ្នកខ្លះជាមន្ត្រីរាជការស៊ីវិល ជាអាជីវករ ឬកងកម្លាំងប្រដាប់អាវុធ ដូច្នេះត្រូវរៀបចំឱ្យមានតំណាងរបស់ខ្លួនដើម្បីងាយស្រួលធ្វើការងារដោះស្រាយបញ្ហាក៏ដូចជាចូលរួមសហការជាមួយបុរី និងអាជ្ញាធរភូមិឃុំ ក្នុងការថែទាំប្រព័ន្ធផ្លូវ លូបង្ហូរទឹកកខ្វក់ សន្តិសុខ អនាម័យ សម្រាម អគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ថែទាំសោភណភាព ដាំដើមឈើ ជាដើម ដើម្បីធ្វើយ៉ាងណាកសាងទីកន្លែងថ្មីដែលយើងរស់នៅជាមួយគ្នានេះអោយមានសោភណភាព អនាម័យបរិស្ថាន និងងាយស្រួលរស់នៅបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងនូវបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាក់ទិននឹង បញ្ហាលំនៅឋាននេះ ដោយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែជំរុញដល់ឯកឧត្តមឱ្យខិតខំប្រឹងប្រែងដោះស្រាយសម្របសម្រួលទោះក្នុងកម្រិតណាក៏ដោយ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យ មានការងារធ្វើមានប្រាក់ចំណូល មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ រស់នៅប្រកបដោយសេចក្តីសុខសុភមង្គល និងកូនចៅទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ដូច្នេះចាប់ពីពេលនេះតទៅមុខទៀតប្រជាពលរដ្ឋជាអតិថិជនបុរី ឡេងណាវ៉ាត់ត្រា ៦A ទាំងអស់ ត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យផ្ទះសម្បែងដែលខ្លួនទទួលបាននាពេលនេះក្លាយជាទ្រនំសុភមង្គល រស់នៅជួបជុំគ្រួសារប្រកបដោយសេចក្តីសុខ ក្លាយជាភូមិឋានក្សេមក្សាន្ត ចេះជួយយកអាសារគ្នាទៅវិញទៅមក ជាគុណតម្លៃដ៏ល្អដែលគួរតែប្រកាន់យកសម្រាប់សង្គមជាតិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner