លោកជំទាវ ពុំ ចន្ទីនី ៖ វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ពិតជាមានសារៈសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ
(ភ្នំពេញ)៖ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រូបង្គោល គឺពិតជាមានសារៈសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ ជាពិសេសបង្កើនការយល់ដឹង អំពីការសង្គ្រោះបឋម ត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ បានភ្លាមៗមុនពេលបញ្ជូនទៅមន្ទីរពេទ្យ ។
នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ២៥នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត នឹងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានឱ្យដឹងថា ដោយពិនិត្យឃើញ នៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ ស្នើឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋមនេះឡើង នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ ។
លោកជំទាវអគ្គលេខាធិការ ក៏បានផ្តាំផ្ញើចំពោះក្មួយៗដែលបានទទួលវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានជាប់ជាប្រចាំ ដើម្បីក្លាយជាភ្នាក់ងារសង្គ្រោះបឋមម្នាក់ ។
ឯកឧត្តមបណ្ឌិត លុយ ចណ្ណា ប្រធានកិត្តិយសក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
មានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋម បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ជូនយុវជនចំនួន ២៥នាក់ (ស្រី១៦នាក់) នៅក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ឱ្យចេះដឹងនូវជំនាញដ៏មានសារសំខាន់មួយនេះដើម្បីសង្គ្រោះអាយុជីវិត ៕





ដោយ / គ្រី សម្បត្តិ