ចិនថា អាមេរិក និង រុស្ស៊ី គួរដើរតួជាមេដឹកនាំកាត់បន្ថយអាវុធនុយក្លេអ៊ែរ
ប៉េកាំង ៖ ប្រទេសចិននិយាយថា អាមេរិក និងរុស្ស៊ី គួរតែដើរតួជាមេដឹកនាំកាត់បន្ថយអាវុធនុយក្លេអ៊ែរ ពីព្រោះពិភពលោកបានដឹងយ៉ាងទូលំទូលាយថា មហាអំណាចទាំងពីរមានអាវុធនុយក្លេអ៊ែរច្រើនជាងគេ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីពេលថ្មីៗថ្មីនេះថា លោកចង់ជួបមេដឹកនាំចិន និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ បើតាមលោក Trump លោកនឹងស្នើឱ្យប្រទេសទាំងបីកាត់បន្ថយថវិកាយោធារៀងៗខ្លួន។
ឆ្លើយតបទៅកាន់លោក Trump វិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មានថា ក្នុងនាមជាប្រទេសមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេ អាមេរិក និងរុស្ស៊ីគួរតែបំពេញទំនួលខុសត្រូវពិសេស រួចកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន ហើយបង្កើតលក្ខខណ្ឌសម្រាប់មហាអំណាចនុយក្លេអ៊ែរផ្សេងទៀត ដើម្បីចូលរួមក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។
ឆ្លើយតបការកាត់បន្ថយចំណាយលើវិស័យការពារជាតិវិញ លោក Guo បាន ចង្អុលបង្ហាញថា ការចំណាយខាងយោធារបស់អាមេរិក គឺធំជាងគេក្នុងពិភពលោក ដូច្នេះអាមេរិកផ្ទាល់គួរតែធ្វើខ្លួនជាគំរូដោយផ្តល់អាទិភាពដល់ការកាត់បន្ថយការចំណាយខាងវិស័យយោធា៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា