គណៈប្រតិភូសភាសហរដ្ឋអាមេរិកបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមាន​ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Salud Carbajal​ សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ​​ មកពីគណបក្សសាធារណរដ្ឋ និង​សហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកផងដែរ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់អំពីការបន្តធ្វើការជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា​ ដើម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ​។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក​ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក​ ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក​ នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ​ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។

សម្ដេចធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានពិភាក្សាពីការពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និង​ការបោសសម្អាតមីន​ ជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិប​តី ហ៊ុន ម៉ាណែត

ads banner