ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ដោយក្នុងនោះ ក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារៈថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា​ មានសុខសន្តិភាពពេញលេញ និងស្ថិរភាព​ ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់​ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង​ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា​ដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិននានានៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ៊្វេសបុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner