ប្រព័ន្ធបើកបរខ្លួនឯងរបស់ឡាន Cyberstruck នៅអាមេរិកបញ្ជាទៅបើកបុកបង្គោលភ្លើង

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីពិភពលោក Elon Musk កំពុងប្រឈមមុខនឹងការព្រួយបារម្ភពីអតិថិជន ជុំវិញទំនុកចិត្តលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ បន្ទាប់ពីឡាន Cybertruck មួយគ្រឿង ថ្មីៗនេះទើបជួបគ្រោះថ្នាក់បើកបុកបង្គោលភ្លើង។

ឡាន Cybertruck បើកបរដោយស្វ័យប្រវត្តិមួយគ្រឿង បានបើកប៉ះទង្គិចចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងនៅក្នុងទីក្រុង Reno របស់រដ្ឋ Nevada ដែលប្រការបង្ហាញថា មុខងារបើកបរខ្លួនឯងទាំងស្រុង នៅតែត្រូវការមនុស្សគ្រប់គ្រងដដែល។

ក្រោយឧបទ្ទវហេតុនេះ អ្នកបើកឡានឈ្មោះ Jonathan Challinger បានរៀបរាប់នៅលើបណ្តាញសង្គម X ដែលសំដៅលើលោក Musk ថា កុំបង្កើតកំហុសដូចរូបខ្ញុំ… សូមមេត្តាយកចិត្តទុកដាក់ និងសូមជួយចែករំលែកបន្តនូវសាររបស់ខ្ញុំ ដើម្បីជួយសង្រ្គោះអ្នកដទៃកុំឲ្យមានជោគវាសនាដូចគ្នានេះ ឬអាចអាក្រក់ជាងនេះ។

កាសែតរ៉យទ័របានដកស្រង់ប្រភពពីមន្រ្តីប៉ូលិសចុះផ្សាយថា អ្នកបើកឡានបានរាយការណ៍ថា មានបញ្ហាម៉ាស៊ីនដោយមិនដឹងពីមូលហេតុ ទើបបណ្តាលឲ្យឡានងាកចេញពីគន្លងផ្លូវ ហើយបើកទៅបុកបង្គោលភ្លើងតែម្តង។ ភ្លាមៗ ក្រុមហ៊ុន Tesla នៅពុំទាន់ធ្វើការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ ទាក់ទិននឹងឧបទ្ទវហេតុនេះនៅឡើយទេ។

យ៉ាងណា ក្រុមហ៊ុន Tesla បានប្រឈមនឹងការរិះគន់ រួមទាំងការស៊ើបអង្កេតជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងសុវត្ថិភាពនៃកម្មវិធីជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ក្រុមហ៊ុននេះ បន្ទាប់ពីមានឧប្បត្តិហេតុជាច្រើន ក្នុងនោះរួមទាំងគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់មួយករណីផងដែរ។

បើតាមលោក Elon Musk បានឱ្យដឹងថា Tesla នឹងចាប់ផ្តើមដំណើរការសាកល្បងសេវាកម្មជិះឡានតាក់ស៊ី Cybertruck បង់ប្រាក់នៅក្នុងខែមិថុនា នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ជារដ្ឋដែលស្ទើរតែមិនទាមទារបទប្បញ្ញត្តិសម្រាប់យានយន្តបើកបរស្វ័យប្រវត្តិ បន្ទាប់មកនៅរដ្ឋកាលីហ្វ័រញ៉ា និងតំបន់ផ្សេងទៀតរបស់សហរដ្ឋអាមេរិកនាចុងឆ្នាំ ២០២៥នេះ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner