អង្គការណាសាប្រើកែវយឺតប្រមូលទិន្នន័យអាចម៍ផ្កាយ ដែលនឹងហោះបុកផែនដីឆ្នាំ២០៣២
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងប្រើប្រាស់កែវយឺតអវកាស ឬតេឡេស្តូប James Webb ដើម្បីប្រមូលទិន្នន័យសំខាន់ៗ អំពីអាចម៍ផ្កាយ 2024 YR4 ដែលមានឱកាសរហូតដល់ ២.៣ភាគរយ ក្នុងការហោះមកបំបុកផែនដីនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០៣២ នេះបើយោងតាមការគណនារបស់ក្រុមតារាវិទូ។

កែវយឺតអវកាស James Webb ដែលធ្លាប់សិក្សាការបង្កើតកញ្ចំអាចម៍ផ្កាយដំបូងគេបំផុតនោះ នឹងត្រូវប្រើប្រាស់ដើម្បីសិក្សាពីអាចម៍ 2024 YR4 ដែលអាចនឹងបុកភពផែនដីក្នុងរយៈពេល ៧ឆ្នាំទៀត។ យោងតាមទិន្នន័យកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អាចម៍ផ្កាយនេះ មានឱកាសរហូតដល់ ៩៨ភាគរយនៃការឆ្លងផុតផែនដីដោយសុវត្ថិភាពនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០៣២។

ប៉ុន្តែអ្នកស្រាវជ្រាវនៅការិយាល័យការពារភពរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប លោក Juan Luis Cano បាននិយាយថា មនុស្សម្នាពុំចាំបាច់ព្រួយបារម្ភខ្លាំង អំពីផលប៉ះពាល់របស់វាឡើយ ពីព្រោះបច្ចុប្បន្នក្រុមតារាវិទូកំពុងប្រមូលទិន្នន័យបន្ថែមទៀត។
អ្នកស្រាវជ្រាវរូបនេះ បានបន្ថែមថា ព័ត៌មាននេះគឺជាការព្រមានសម្រាប់ពួកយើងក្នុងនាមជាអ្នកវិទ្យាសាស្រ្ត និងអ្នកវិទ្យាសាស្រ្តដែលគួរតែចាប់អារម្មណ៍ច្រើនលើអាចម៍ផ្កាយ មានរហ័សនាមថា “អ្នកពិឃាតទីក្រុង”។ នោះហើយគឺជាហេតុផល ដែលពួកយើងត្រូវការប្រើប្រាស់កែវយឺតអវកាស James Web។
គួរកត់សម្គាល់ថា អាចម៍ផ្កាយ 2024 YR4 ត្រូវបានគេទទួលស្គាល់ជាលើកដំបូងថា ជាការគំរាមកំហែងដ៏មានសក្តានុពលដល់ភពផែនដី កាលពីខែធ្នូ ឆ្នាំ ២០២៤។ ប្រសិនបើវាហោះមកបុកភពផែនដីយើងពេញមួយទំហំក្នុងល្បឿនរាប់ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោងនោះ វាអាចនឹងបំផ្លាញទីក្រុងមួយឲ្យសាបសូន្យបាន តែមិនអាចផ្តាច់ពូជពង្សមនុស្សឲ្យអស់ពីលើផែនដី ដូចកាលពីជំនាន់ដាយណូស័រនោះឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានគណនាថា អាចម៍ផ្កាយ 2024 YR4 មានកម្លាំងស្មើនឹងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima របស់ប្រទេសជប៉ុន កាលពីឆ្នាំ ១៩៤៥ គុណនឹងជាង ៥០០ដងឯណោះ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Live Science៕
ប្រភព ៖ Forbes និង Live Science ប្រែសម្រួល ៖ ឈឹម ទីណា
