រដ្ឋមន្ត្រីការបរទេសអាមេរិកទៅដល់ទីតាំងគម្រោងណាត់ជួបត្រាំ-ពូទីន
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃចន្ទ ដោយគេដឹងថា ទីនោះ គឺជាកន្លែងណាត់ជួបគ្នារវាងមេដឹកនាំអាមេរិក លោកត្រាំ និង លោក ពូទីន មេដឹកនាំរុស្ស៊ី។
មន្ត្រីអារ៉ាប៊ី សាអូឌីត បានស្វាគមន៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិក នៅពេលលោកបានទៅដល់រដ្ឋធានី Riyadh ដែលជាជើងទីពីរ នៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា លើកដំបូងរបស់លោក ចាប់តាំងពីប្រធានាធិបតី Donald Trump ចូលកាន់តំណែង។
លោក Rubio គ្រោងនឹងជួបពិភាក្សា ជាមួយមន្ត្រី អារ៉ាប៊ី សាអូឌីត លើសំណើរបស់លោក Trump សម្រាប់ការកាន់កាប់តំបន់ហ្គាហ្សា របស់សហរដ្ឋអាមេរិក។
ក្រៅពីបញ្ហាហ្គាហ្សា ប្រធានបទសំខាន់មួយទៀត គឺជំនួបកំពូល រវាងលោកត្រាំ និង លោក ពូទីន មេដឹកនាំរុស្ស៊ី ដោយក្នុងនោះ ភាគីទាំងពីរ បានកំណត់យកប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត ជាទីតាំងសម្រាប់ជំនួបកំពូល បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយ ៣ឆ្នាំមកហើយនោះ ហើយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏ត្រូវទៅទីនោះ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
