ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុម​ហ៊ុន Infinite Capital Holding Company (ICAP) ចូល​ជួប​សម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាប​ជូន​សម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ច​សហ​ប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ដោយក្នុង​នោះ, ក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យ​ការ​ផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។

លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្ត​អគ្គិសនី។

ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជា​ទទួល​រង​នូវផលប៉ះពាល់ដោយសារការរីករាត្បាត​ពីជំងឺកូវីដ​-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់​នៃសេដ្ឋកិច្ចពិភព​លោក​​ក៏ដោយ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្ដី​សោម​នស្ស​រីករាយចំពោះក្រុមហ៊ុនដែលបាន​បង្ហាញ​ចំណាប់​អារម្ម​ណ៍​នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាព​ចាំ​បាច់​របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដា​ក្រុម​ហ៊ុន​វិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគ​ទៅលើ​វិស័យ​ផលិ​តគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សា​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បី​ទទួលបាន​នូវ​ព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពីគោ​ល​នយោ​បាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់​វិនិ​យោគិននានានៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner