ក្រឡាប់យន្តហោះកាណាដាដឹកមនុស្ស ៨០នាក់

បរទេស ៖ យន្តហោះដឹកមនុស្ស៨០នាក់ បានក្រឡាប់ នៅឯអាកាសយានដ្ឋាន របស់ប្រទេសកាណាដា បណ្តាលឲ្យមនុស្ស ១៧នាក់រងរបួស ក្នុងនោះ បីនាក់រងរបួសធ្ងន់ មានមនុស្សចាស់ ពីរនាក់ និងកុមារម្នាក់។

ក្រុមមន្ត្រីបាននិយាយថា យន្តហោះ ជាមួយនឹងជើងហោះហើរលេខ ៤៨១៩ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានជួបហេតុការណ៍អាក្រក់ កាលពីថ្ងៃចន្ទ ម៉ោងក្នុងស្រុក ត្រូវនឹងថ្ងៃអង្គារ ម៉ោងនៅកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា យន្តហោះ Endeavor Air ចុះចត បន្ទាប់ពីហោះហើរចេញពីទីក្រុង Minneapolis ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។

មិនមានការពន្យល់អំពីមូលហេតុ នៃគ្រោះថ្នាក់ ឬ របៀបដែលយន្តហោះបានក្រឡាប់ ផ្ងារជើង នោះទេ។ នាយកប្រតិបត្តិអាជ្ញាធរអាកាសយានដ្ឋាន Toronto បានប្រាប់សន្និសីទសារព័ត៌មានថា ឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងយន្តហោះផ្សេងទៀតទេ។

អាកាសយានដ្ឋានបានផ្អាកជើងហោះហើរទាំងអស់ បន្ទាប់ពីកើតឧបទ្ទវហេតុ ប៉ុន្តែ ចាប់ផ្តើមដំណើរការឡើងវិញ ជាងពីរម៉ោង ក្រោយមក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner