រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជា មិនត្រឹមតែ​ផលិតស្បៀង​គ្រប់​គ្រាន់​បំពេញតម្រូវការ ក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំង​អាច​នាំ​ចេញ​កសិផលបាន​ទូទាំង​ពិភពលោក

(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ មានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមិន​ត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំង​ពិភព​លោក​ទៀតផង។ ភាពជោគជ័យនេះ ត្រូវបានជំរុញដោយការ​ពង្រីក​ដីបង្កបង្កើនផល តាមរយៈបន្តកិច្ចខិតខំប្រឹងប្រែង​បោស​សម្អាត កែលម្អប្រព័ន្ធធារាសាស្ត្រ ការធ្វើឱ្យប្រសើរឡើងនូវ​ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលយកបច្ចេកវិទ្យាទំនើប រួមទាំ​ងការអភិវឌ្ឍន៍ និងការប្រើប្រាស់ពូជដំណាំសុទ្ធ​ដែល​ប្រសើរ​ឡើងជាដើម។

លើសពីនេះ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាយ៉ាងរឹងមាំក្នុងការលើក​កម្ពស់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ដើម្បីធានា​បាន​នូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ឆ្ពោះទៅរក​ប្រព័ន្ធ​កសិកម្មប្រកបដោយប្រសិទ្ធភាព ភាពធន់ និរន្តរភាព និងកំណត់សកម្មភាពដើម្បីធានានិរន្តរភាពបរិស្ថាន និងការ​ត្រៀម​ខ្លួនសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួល​អាកាស​ធាតុ។

ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត​គ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ក្រសួងបានខិតខំ​បំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរក្សាស្ថិរភាព ថ្លៃកសិផល ការដាក់ពង្រាយ​មន្ត្រីកសិកម្មទូទាំងប្រទេសចំនួន ១៦០០នាក់ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលទាំងអស់នេះត្រូវបានអនុវត្តជាជំហានៗ និងសម្រេច​បាននូវលទ្ធផលសំខាន់ថ្មីៗជាបន្តបន្ទាប់។

ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ដូចនេះ ក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពនឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ(CARD) និងអង្គការ(GIZ) សហភាពអឺរ៉ុប(EU) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បន្តនូវគំនិត​ផ្តួចផ្តើមបន្ថែមទៀតដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ជាពិ​សេសសម្រាប់កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាឆ្លាតវៃ ការផ្តល់​ការវិនិយោគអភិវឌ្ឍន៍បន្ថែម និងការផ្តល់ហិរញ្ញប្បទាន​ដល់​ភាគីពាក់ព័ន្ធសំខាន់ៗ ការទទួលបានទីផ្សារ ការតភ្ជាប់ខ្សែ​ចង្វាក់​តម្លៃ ការសម្របសម្រួលពាណិជ្ជកម្ម គោលការណ៍​លើកទឹកចិត្តទីផ្សារ និងឱកាសផ្សេងៗបន្ថែមផ្សេងទៀត៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner