អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា ៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹង​ទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

(ភ្នំពេញ)៖ អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃ​រាជ​បណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់​ជាក់ជាមិនខាន​ បើសិនជាកម្ពុជាធ្វើការប្តឹងទៅតុលាការ​អន្តរ​ជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយអន្តរជាតិ​លើ​បញ្ហាកោះគុត។ ទន្ទឹមនឹងនេះអ្នកនយោបាយខ្មែរដែល​មាន​មូលដ្ឋាននៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំង​គួរ​ឈប់យកពលករធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្ម​លើដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោ​បាយ​របស់ពួកគេទៀតទៅ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជាថៃ មិន​អាច​ពឹងផ្អែកលើយន្តការអន្តរជាតិតាមរយៈការប្តឹង​ទៅតុលា​ការ​អន្តរជាតិបាននោះទេ។ បើមិនដូច្នេះ កម្ពុជានឹងបាត់បង់​ប្រយោជន៍ ពីព្រោះបញ្ហាកោះគុត មិនទាន់​មានការដាច់ស្រេច​រវាងកម្ពុជា និងភាគីថៃនៅឡើយទេ។

ផ្ទុយមកវិញ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ​សង្កត់​ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា ភាគី​កម្ពុជា និងថៃកំពុងចរចារលើបញ្ហាបូរណភាពទឹកដីនេះ ដូច្នេះ​មានតែយន្តការចរចារបែបនេះទេទើបមិនធ្វើឱ្យកម្ពុជាខាតបង់ និងជាការស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះថាបញ្ហាកោះគុតមិនអាចយកបញ្ហា CLV-DTA មកប្រៀបធៀបបានទេ ទាំងនេះជាបញ្ហាធំណាស់​ដែល​បំផុសបំផុលដោយក្រុមប្រឆាំងនៅក្រៅប្រទេសដែលមានជំនាញក្នុងការកៀរគរពលករធ្វើបាតុកម្មខុសច្បាប់នៅក្រៅប្រទេស ដើម្បីបំពេញផលប្រយោជន៍នយោបាយរបស់ពួកគេ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា ក្រុមប្រឆាំង​នៅ​ក្រៅ​ប្រទេសមិនបានធ្វើសកម្មភាពណាមួយផ្តល់ផល​ប្រ​យោជន៍លើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃនោះទេ គឺពួកគេធ្វើដើម្បីតែរបៀបវារៈនយោបាយរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះពួកគេដឹងច្បាស់ណាស់ថា បញ្ហាកោះគុត​មិន​អាចដក ឬប្តឹងតាមដែលពួកគេលើកឡើងបានទេ។ ដោយ​ឡែក​បាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យ​ប៉ះពាល់ដល់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស តែម្តង។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជា​អ្នក​ស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះឈឺឆ្អាលរឿងទឹកដី សេដ្ឋកិច្ច ឬបញ្ហាជាតិណាមួយ​របស់​បងប្អូនពលករខ្មែរនៅក្រៅប្រទេសជារឿងល្អហើយ ក៏ប៉ុន្តែអ្វីដែលចាំបាច់នោះគឺត្រូវមានការពិចារណាឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជៀសវាងចូលផុងខ្លួននៃរបៀបវារៈ​នយោ​បាយរបស់ក្រុមបក្សប្រឆាំង ដែលធ្វើឱ្យបាត់បង់​ប្រយោជន៍​ជាតិ និងខ្លួនឯងដែលកំពុងធ្វើការនៅលើទឹកដីបរទេស។

អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវរូបនេះសង្កត់ធ្ងន់ថា គណបក្ស​ប្រឆាំងដឹងហើយថាដំណោះស្រាយមួយណា​ចំណេញដល់ជាតិ មួយណាមិនចំណេញ ក៏ប៉ុន្តែដើម្បីរបៀប​វារៈនយោបាយ ពួកគេហ៊ានធ្វើគ្រប់បែបយ៉ាង បើទោះបី​អ្វី​ដែលពួកគេធ្វើនោះមិនមានផលចំណេញដល់ការដោះស្រាយបញ្ហាជាតិក៏ដោយ។ ជាក់ស្តែង ការកៀរគរឱ្យចូលរួមធ្វើ​បាតុ​កម្ម​របស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិន​ត្រឹម​តែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យ​ប៉ះពាល់​ដល់ការងាររបស់ពលករនៅក្រៅប្រទេស ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner