ឥណ្ឌូណេស៊ីធ្វើសមយុទ្ធទ័ពជើងទឹក ជាមួយ៣៨ប្រទេស
បរទេស ៖ ប្រទេសចំនួន ៣៨ រួមមានទាំង រុស្ស៊ី សហរដ្ឋអាមេរិក ចិន និង ជប៉ុន កំពុងចូលរួម នៅក្នុងសមយុទ្ធកងទ័ពជើងទឹកអន្តរជាតិ Komodo 2025 របស់ប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្តើម នៅលើកោះបាលី។
លោក Muhammad Ali អគ្គសេនាធិការកងទ័ពជើងទឹក ឥណ្ឌូនេស៊ី បាននិយាយ ក្នុងពិធីបើក កាលពីថ្ងៃអាទិត្យថា អ្នកចូលរួម មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី ក្នុងចំណោមប្រទេសទាំងអស់ ដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ និងកាត់បន្ថយគ្រោះមហន្តរាយ។
លោក Muhammad Ali បានសម្តែងក្តីសង្ឃឹមថា សមយុទ្ធនេះ ក៏អាចជួយបន្ធូរបន្ថយភាពតានតឹង ក្នុងចំណោមបណ្តាប្រទេស ដែលមានជម្លោះ។ លោកបាននិយាយថា សមយុទ្ធនេះ ក៏មានគោលបំណងកាត់បន្ថយភាពតានតឹង នៅសមុទ្រក្រហម មជ្ឈិមបូព៌ា សមុទ្រមេឌីទែរ៉ាណេ និងប្រទេសផ្សេងៗ ដែលឥឡូវនេះ ពោរពេញដោយជម្លោះ។ សមយុទ្ធ រយៈពេលមួយសប្តាហ៍នេះ នឹងបន្តរហូតដល់ថ្ងៃសៅរ៍ ចុងសប្តាហ៍។
ដោយផ្តើមមានជាលើកដំបូង នៅក្នុងឆ្នាំ២០១៤ សមយុទ្ធ Komodo ឆ្នាំ២០២៥នេះ បានចាប់ផ្តើមតំាងពីថ្ងៃសៅរ៍ ដោយមាននាវាជាង ៣០គ្រឿង, យន្តហោះល្បាតដែនសមុទ្រ និងឧទ្ធម្ភាគចក្រចូលរួម ក្នុងកិច្ចសហប្រតិបត្តិការ លើផ្នែកនានា ដូចជា ការកាត់បន្ថយគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។ ក្រៅពីការបណ្តុះបណ្តាលនៅសមុទ្រ ពួកគេក៏នឹងផ្លាស់ប្តូរយោបល់ លើការនេសាទខុសច្បាប់, ការរត់ពន្ធ និងការធ្វើចំណាកស្រុកខុសច្បាប់ផងដែរ នេះបើតាម NHK៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
