រុស្ស៊ីថា អឺរ៉ុបចង់ឲ្យបន្តសង្គ្រាម កុំហៅចូលតុចរចា

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី លោក Sergei Lavrov បាននិយាយ កាលពីថ្ងៃចន្ទថា លោកមើលឃើញថា គ្មានហេតុផលសម្រាប់អឺរ៉ុប ដែលត្រូវចូលរួម ក្នុងកិច្ចចរចាបទឈប់បាញ់ ជាមួយអ៊ុយក្រែនទេ ដោយចោទប្រកាន់ពួកគេថា ចង់ «បន្តសង្រ្គាម» នៅអ៊ុយក្រែន។

ការអត្ថាធិប្បាយ របស់លោក Lavrov បានធ្វើឡើង នៅមុនដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត ដើម្បីជួបជាមួយភាគីអាមេរិក ហើយក៏ស្របពេលដែលមេដឹកនាំអឺរ៉ុបកោះប្រជុំ នៅទីក្រុងប៉ារីស សម្រាប់កិច្ចប្រជុំកំពូលបន្ទាន់ ស្តីពីអ៊ុយក្រែន។

លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូថា «ខ្ញុំមិនដឹងថា ពួកគេនឹងធ្វើអ្វី នៅតុចរចាទេ… ប្រសិនបើពួកគេនឹងអង្គុយនៅតុចរចា ក្នុងគោលបំណងបន្តសង្រ្គាម នោះហេតុអ្វីបានជាអញ្ជើញពួកគេ ឲ្យចូលរួម»។

រដ្ឋមន្ត្រីការបរទេសជើងចាស់ រូបនេះ បាននិយាយថា អឺរ៉ុបមាន «ឱកាស» ក្នុងការដោះស្រាយជម្លោះ តាំងពីឆ្នាំ ២០១៤ គឺនៅពេលដែលរុស្ស៊ីបញ្ចូលឧបទ្វីប Crimean និងគាំទ្រពួកបំបែកខ្លួនប្រដាប់អាវុធដែលគាំទ្រដោយរុស្ស៊ី នៅភាគខាងកើត ដោយលោកអះអាងថា តែ ប្លុកនេះបានបរាជ័យ។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនចង់ឱ្យទាំងរុស្ស៊ី និងអ៊ុយក្រែន ធ្វើសម្បទាន ប្រសិនបើការចរចាបទឈប់បាញ់ មិនទាន់សម្រេច។ ប៉ុន្តែ លោក Lavrov បានទទូចថា ទីក្រុងមូស្គូនឹងមិនសម្របសម្រួលលើទឹកដី ដែលខ្លួនបានដណ្តើមកាន់កាប់នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន នោះទេ ដោយនិយាយថា មិនអាចមាន សូម្បីតែ «ការគិត» អំពីរឿងនោះ ក្នុងអំឡុងពេលចរចា។

នៅឆ្នាំ២០២២ វិមានក្រឹមឡាំង បានអះអាងថា បានបញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនគឺ Lugansk, Donetsk, Kherson និង Zaporizhzhia ទោះបីជាមិនមានការគ្រប់គ្រងពេញលេញក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner