នារីវ័យក្មេងម្នាក់ប្រកាសថា មានកូនជាមួយ Elon Musk

បរទេស៖ បុគ្គលមានឥទ្ធិពល ក្នុងសង្គម ឬ Influencer វ័យក្មេង នាង Ashley St Clair ស្រាប់តែចេញមកប្រកាសថា នាងមានកូន ជាមួយ លោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដែលកំពុងធ្វើឲ្យពិភពលោកក្រឡាប់ចក្រ ក្នុងនាមជាដៃស្តាំ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។

យោងតាមកាសែត telegraph នាង Ashley St Clair អាយុ២៦ឆ្នាំ បានសរសេរ នៅលើបណ្តាញសង្គម X ក្នុងថ្ងៃនៃក្តីស្រឡាញ់ថា កូនរបស់នាងជាមួយលោក Musk មានអាយុ ៥ខែ ហើយ។ នាងថែមទាំងស្តីបន្ទោស ដល់បុរសមានបំផុតរបស់ពិភពលោករូបនេះ ចំពោះការខកខាន មិនបានឆ្លើយតបនឹងនាងទៀតផង។

នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត The New York Post នាង St Clair បានអះអាងថា លោក Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ផ្តើមទាក់ទងគ្នា តាមរយៈការផ្ញើសារ នៅលើ X ក្នុងខែឧសភា ឆ្នាំ២០២៣។ នាងអះអាងថា នាងថែមទាំងទទួលបានសារណែនាំ ឲ្យរក្សាការសម្ងាត់នេះ ហើយដាក់ឲ្យក្នុងផ្ទះល្វែងដ៏ប្រណីតមួយនៅក្នុងសង្កាត់ហិរញ្ញវត្ថុ នៃទីក្រុងញូវយ៉ក ទៀតផង។

ជាមួយគ្នានេះ អ្នកអត្ថាធិប្បាយការផ្សាយ និងបោះពុម្ពជាប្រចាំអំពីវិបត្តិ និងការគ្រប់គ្រងទំនាក់ទំនងយុទ្ធសាស្ត្រ លោក Brian Glicklich បាននិយាយថា អ្នកទាំងពីរបានធ្វើការ ជាលក្ខណៈឯកជន លើកិច្ចព្រមព្រៀងមួយ សម្រាប់ការចិញ្ចឹមកូន របស់ពួកគេ។ លោកថា «យើងកំពុងរង់ចាំឱ្យ លោក Elon ទទួលស្គាល់ ជាសាធារណៈ នូវតួនាទីជា ប៉ា ដើម្បីសុវត្ថិភាពកុមារ»។

យ៉ាងណាមិញ លោក Musk ដែលគេដឹងផ្លូវការថា មានកូន១២នាក់ ជាមួយនារីបីនាក់ មិនបានបញ្ជាក់ ឬ បដិសេធការអះអាងរបស់អ្នកមានឥទ្ធិពលរូបនេះទេ ប៉ុន្តែ លោកបានប្រតិកម្មតបនឹងអ្នកអត្ថាធិប្បាយនយោបាយជនជាតិអង់គ្លេសម្នាក់ ដែលអះអាងថា ការមានផ្ទៃពោះរបស់នាង St Clair ត្រូវបានគ្រោង ទុកជាមុន។ លោក Milo Yiannopoulos បានសរសេរថា «នាង Ashley St Clair បានរៀបចំផែនការ អស់រយៈពេលកន្លះទសវត្សរ៍ ដើម្បីតាមចាប់ Elon Musk ហើយនាងចង់ទាក់ទាញការចាប់អារម្មណ៍ ពីលោក Musk ដើម្បីបានរៀបការ»។ លោក Musk បានឆ្លើយតបសារនោះថា «Whoa» ហើយ បានបន្តថា លោកកំពុងប្រើពេលចុងសប្តាហ៍ ផ្តោតលើគម្រោងបញ្ញាសិប្បនិម្មិត Grok 3 AI៕

ប្រភពពី telegraph ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner