សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេ ក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ កម្ពុជា មានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរក និងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិតក្នុងសង្រ្គាមឥណ្ឌូចិនទៅកាន់មាតុប្រទេសវិញ ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសជួប គណៈប្រតិភូសភាទាំងពីរគណបក្ស របស់សហរដ្ឋអាមរិក ដឹកនាំដោយ ឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ខណៈដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការចែករំលែក ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីតួនាទីដ៏សំខាន់របស់សភា ដែលជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋផងដែរ។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដ៏យូរអង្វែង នៃប្រទេសទាំងពីរបានឈានដល់ខួប ៧៥ឆ្នាំ ។ ទំនាក់ទំនង កម្ពុជានិង អាមេរិក នៅក្នុងរយៈពេល ៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណប្រមាណ ១៥០មុខដែលកម្ពុជា បានបាត់កាលពីសម័យសង្រ្គាមមកវិញ ។

ឯកឧត្តម ជីមី ផេនីតា និងសហការី បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលមួយចំនួននៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្នុងនោះគណៈប្រតិភូបានធ្វើទស្សនកិច្ចនៅតំបន់វប្បធម៌កម្ពុជា ក្នុងខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម ជាពិសេសបានចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកបដោយផ្លែផ្កា។ ឯកឧត្តមបានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទំនាក់ទំនងសភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និងការអប់រំ ជាដើម ។

ឯកឧត្តម ជីមី ផេនីតា ក៏ដូចជាសមាជិកគណៈប្រតិភូ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ គណៈប្រតិភូបានកោតសរសើរចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការសម្របសម្រួលទំនាក់ទំនងអាមេរិកនិងអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តម បានសន្យានឹងពាំនាំការពិតពីកម្ពុជាជម្រាបជូនសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ ។

សម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូសភាសហរដ្ឋអាមេរិក មានជំនឿមុតមាំថា កម្ពុជានិងសហរដ្ឋ អាមរិក បន្តគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានទាំងទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សុខសន្តិ និងមនុស្សធម៌ ជាដើមនោះជាបន្តទៀត៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner