ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ
ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សេចក្តីព្រាងច្បាប់នេះ គឺជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះអាចវិលមកវិញនៅកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មប្រវត្តិសាស្រ្តដ៏ជូរចត់ កំសត់គ្រាំគ្រាជាទីបំផុត ដែលប្រជាជនរងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបាន។
ឯកឧត្តមបានបន្តថា គ្មានក្រុមគ្រួសារខ្មែរណាមួយដែលពុំបានបាត់បង់សាច់ញាតិ ឬមិនបានរងការឈឺចាប់ពីសោកនាដកម្មដែលបង្ករឡើងរបបដ៏សហាវឃោឃៅនេះឡើយ។ យើងពិតជាមិនអាចទទួលយកបានឡើយនូវការជាន់ឈ្លីដែលកើតពីការមិនទទួលស្គាល់ ឬការបំផ្លើស បំភ្លៃ បំភន្តការពិតនៃមហាសោកនាដកម្មដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នេះឡើយ។ ដូច្នេះ ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត និងដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសជាស្ថាពររួចហើយ គឺជាទង្វើអប្រិយ៍ ជាន់ឈ្លីប្រវត្តិសាស្រ្ត និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរងគ្រោះយ៉ាងអយុត្តិធម៌ ដែលសង្គមជាតិមិនអាចលើកលែងទោសបានឡើយ។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលមានសមាជិកគ្រួសារជាជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ឯកឧត្តមសូមប្រកាសគាំទ្រជាឱឡារិកនូវច្បាប់នេះ ដើម្បីផ្តល់នូវការគោរពដល់ជនរងគ្រោះ និងអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីរំដោះជាតិ សង្រ្គោះប្រជាជន និងស្វែងរកសន្តិភាពដ៏លំបាកលំបិនបំផុត៕
ដោយ៖ពលជ័យ
