Trump បើកភ្លើងខៀវឲ្យសម្ព័ន្ធមិត្តអឺរ៉ុបទិញសព្វាវុធជួយអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប អាចទិញអាវុធដែលផលិតដោយអាមេរិក ហើយយកទៅផ្គត់ផ្គង់ដល់អ៊ុយក្រែន។
ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida កាលពីល្ងាចថ្ងៃអាទិត្យ លោក ត្រាំ នៅពេលត្រូវបានសាកសួរថាតើ លោកនឹងអនុញ្ញាតឲ្យប្រទេសអឺរ៉ុប ទទួល បានអាវុធអាមេរិក ដើម្បីជួយដល់អ៊ុយក្រែនដែរ ឬ ទេ? លោកបាន ឆ្លើយតបដោយសាមញ្ញថា “បាទប្រាកដណាស់”។
នេះគឺជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនដែលរដ្ឋបាលលោក ត្រាំ កំពុងពិភាក្សាដើម្បីអាចបន្តការផ្ទេរសព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន ដោយមិនចាំបាច់អាមេរិកត្រូវចំណាយប្រាក់បន្ថែមនោះទេ។
មន្ត្រីអាមេរិកបាននិយាយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា រដ្ឋបាលលោក ត្រាំ ចង់យកមកវិញនូវលុយរាប់ពាន់លានដុល្លារ ដែលខ្លួនបានចំណាយក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយថា អឺរ៉ុបចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីគាំទ្រដល់អ៊ុយក្រែន៕



ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា