រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានចំនួន ៧មាត្រា ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងងនេះវិលត្រឡប់មកវិញនៅកម្ពុជា ។

ក្រោយពីបានពិភាក្សាតាមនីតិវិធីរួច អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចំនួន ១១៥សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន ១១៥រូប។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានចំនួន ៤ជំពូក និង ១៥មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់វត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការនិងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ។

ក្រោយពីបានពិភាក្សាតាមនីតិវិធី អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ចំនួន ១១៥សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន ១១៥រូប ។

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៧ មាត្រា៨៣ ដែលបានចែងថា រដ្ឋសភាប្រជុំជាសមញ្ញពីរដងក្នុងមួយឆ្នាំ ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដោយសារសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានដំណើរការមកដល់ពេលនេះ គឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរយៈពេលជាង ៣ខែហើយ ដូច្នេះ រដ្ឋសភាសូមប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាល៧ ចាប់ពីថ្ងៃនេះតទៅ ។

នៅក្នុងរយៈពេលកន្លងមកនេះ រដ្ឋសភាបានបំពេញការងារយ៉ាងសកម្មក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋលើមុខងារនីតិកម្ម មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទាំងការងារការទូតសភា និងសកម្មភាពសង្គមជាច្រើនទៀត ។ ចំពោះលទ្ធផលការងាររបស់រដ្ឋសភានៅក្នុងរយៈពេលបីខែ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាល៧ សម្រេចបានលទ្ធផលអ្វីខ្លះនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងជូនដំណឹងជម្រាបជូនសាធារណជនបានជ្រាបជាបន្តទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner