មេទ័ពប្រចាំខេត្តកម្ពុជា និង ថៃ ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន ការពារបង្ការមិនឱ្យមានភ្លើងឆេះព្រៃ

(ភ្នំពេញ)៖មេបញ្ជាការកងកម្លាំងការពារព្រំដែនកម្ពុជាប្រចាំភូមិសាស្រ្តខេត្តពោធិ៍សាត់ប្រទេសកម្ពុជា បានទទួលជួបមេទ័ពថៃប្រចាំខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅច្រកព្រំដែនថ្មដា ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនកម្ពុជា-ថៃ។

ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ជាពិសេសការពិនិត្យលើគម្រោងបើកច្រកព្រំដែនក្នុងតំបន់ក្នុងពេលខាងមុខ។ ជាមួយគ្នានេះ ភាគីទាំង២ បានជួបពិភាក្សាផងដែរ អំពីការត្រៀមបង្ការទប់ស្កាត់អំពីភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នក្នុងភូមិសាស្រ្តខេត្តរបស់ថៃមួយនេះ បាននិងកំពុងមានករណីភ្លើងឆេះព្រៃ និងបានបង្កឱ្យមានការកើនឡើងកំហាប់ភាគល្អិតនិចលក្នុងខ្យល់ (PM 2.5) នៅក្នុងប្រទេសផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មេទ័ពឈរជើងនៅខេត្តពោធិ៍សាត់ប្រទេសកម្ពុជា និងមេទ័ពយោធាខេត្តត្រាតនៃប្រទេសថៃ បានជួបគ្នាពិតប្រាកដមែន នៅក្នុងភូមិសាស្រ្ត នៃតំបន់ច្រកព្រំដែននៃប្រទេសទាំង២កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ នាពេលកន្លងទៅ។

ភាគីទាំងពីរបានជជែកគ្នាច្រើនលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងព្រំដែន។ ជាមួយគ្នានេះ ភាគីទាំង២ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នប្រទេសថៃកំពុងកើតមាន នៅក្បែរព្រំដែនកម្ពុជា។

សូមបញ្ជាក់ថា កន្លងមកកម្ពុជាមិទាន់មានករណីឆេះព្រៃ ដូចមានកើតមានដូចបណ្តាប្រទេសមួយចំនួននាពេលកន្លងទៅនោះទេ។ ក្រសួងបរិស្ថានបានធ្វើការជាជមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងជាពិសេសជាមួយអាជ្ញាធររាជធានីខេត្ត ហើយបានពិនិត្យឃើញថាករណីមានការឆេះកន្លែងខ្លះ គឺការឆេះស្មៅ ស្បូវ ស្លឹកឈើ សំរាម និងជញ្ជ្រាំងស្រូវ នៅតាមមូលដ្ឋានមួយចំនួនតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្រសួងបរិស្ថានកម្ពុជា បានធ្វើការសហការជាមួយអ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ កុំឱ្យដុត គល់ជញ្រ្ជាំង សំរាម ជាពិសេសដុតសំណល់កសិកម្ម ប្លាស្ទិក ជាដើម ចូលរួមទប់ស្កាត់ការឆេះ ជាពិសេសអនុវត្តវិធានការច្បាប់ចំពោះបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ជាដើម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner