ស្ថាប័នចំនួន ៣ចុះ ហត្ថលេខា រួមគ្នា លើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

(ភ្នំពេញ)៖ ចុះអនុស្សរណៈនៃការយោគយល់គ្នា នឹងរួមចំណែកលើកកម្ពស់ការដោះស្រាយវិវាទជូនដល់ក្រុមហ៊ុនឯកជន និងវិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងទីផ្សារមូលបត្រកម្ពុជា ព្រមទាំង សមាជិកទាំងឡាយនៃរបបសន្តិសុខសង្គម ដែលរួមមាន មន្ត្រីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ថ្លែងក្នុងពិធីស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ និយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមនារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានឱ្យដឹងថា ៖ អនុស្សរណៈនៃការយោគយល់គ្នាដែលស្ថាប័នទាំងបី បានរួមគ្នាចុះហត្ថលេខានេះ គឺជាបោះជំហានថ្មីមួយទៀតសំដៅលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែមាន ភាពងាយជាស្រួល, កាន់តែសម្បូរបែប, កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និង កាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋដែលមានបំណងស្វែងរកការសម្រុះសម្រួល ដោះស្រាយបញ្ចប់វិវាទរបស់ខ្លួនឱ្យបានឆាប់រហ័ស ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ថា កន្លងទៅនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន មួយចំនួន រួចមកហើយ រួមមាន ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃ មជ្ឈតការផ្នែកពាណិជ្ជកម្ម, រដ្ឋបាលរាជធានី-ខេត្ត ចំនួន ៤ (រដ្ឋបាលខេត្តកណ្តាល, បាត់ដំបង, កំពង់ឆ្នាំង និងកំពង់ធំ) ។

តាមរយៈការអនុស្សរណៈនៃការយោគយល់គ្នា ស្ថាប័នទាំងនោះ អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យមកស្នើសុំឱ្យអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទទួលស្គាល់ និង រៀបចំផ្តល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដូចករណីវិវាទដែលបានដោះស្រាយបញ្ចប់ក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាថា វិវាទដែលត្រូវបានធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជាស្ថាពរ ហើយកំណត់ហេតុដែលធ្វើឡើងដោយស្ថាប័នទាំងនេះ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ ហើយនឹងមិនលាប់ឡើងវិញឡើយ ។

ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គមបានថ្លែងថាក្នុងរយៈពេលដ៏ខ្លី អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួយសម្រុះសម្រួលវិវាទជាច្រើនសំណុំរឿងដោយជោគជ័យ ហើយ ក្នុងចំណោមវិវាទទាំងនោះ ភាគច្រើនជាវិវាទរ៉ាំរៃ ហើយគូភាគីវិវាទមានភាពសប្បាយ រីករាយក្នុងការបញ្ចប់វិវាទរបស់ពួកគាត់ ខណៈដែលទំនាក់ទំនងរបស់ពួកគាត់ក៏នៅបន្តល្អ ប្រសើរជាមួយគ្នាផងដែរ។

ដោយឡែក ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានចាត់ទុកថាបើទោះបីទីផ្សាមូលបត្រកម្ពុជាមានការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ យ៉ាងណាក្តី ក៏តែងមានបញ្ហាប្រឈម វិវាទចៀសមិនផុតទេ ម្ល៉ោះហើយយន្តការថ្មីនេះនឹងចូលរួមជួយសម្រួលដល់អ្នកវិនិយោគគិន និងក្រុមហ៊ុនដែលមានវិវាទ ដោយធ្វើយ៉ាងណារំងាប់ជម្លោះឱ្យបានល្អប្រសើរ ហើយក្នុងនេះគ្រប់ភាគីអាចទទួលយកបានរួមគ្នា ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner