មេធំ Facebook គ្រោងសង់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រប្រវែង ៥ ម៉ឺនគីឡូម៉ែត្រ តភ្ជាប់ ៥ ទ្វីប
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Meta ដែលជាមេធំបណ្តាញសង្គម Facebook, Instagram និង WhatsApp បានប្រកាសពីគម្រោងសាងសង់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រវែងបំផុតលើពិភពលោក ជាមួយនឹងប្រវែងដល់ទៅ ៥០,០០០គីឡូម៉ែត្រ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានគូសបញ្ជាក់ថា គម្រោងខ្នាតយក្ស Project Waterworth ដែលតភ្ជាប់សហរដ្ឋអាមេរិក ឥណ្ឌា អាហ្រ្វិកខាងត្បូង ប្រេស៊ីល និងតំបន់ផ្សេងទៀតនេះ នឹងក្លាយជាគម្រោងខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ ដែលវែងជាងគេបំផុតរបស់ពិភពលោកនៅពេលសាងសង់រួច។
បើតាមក្រុមហ៊ុន Meta បានឱ្យដឹងថា គោលបំណងស្នូលនៃគម្រោងថ្មីនេះ នឹងផ្តល់នូវដំណោះស្រាយតភ្ជាប់ផ្នែកឧស្សាហកម្មឈានមុខគេទៅកាន់ទ្វីបធំៗចំនួន៥ ក៏ដូចជាជួយគាំទ្រគម្រោងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។
ហើយគម្រោងនេះទៀតសោត ក៏នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែធំជាងមុន ជួយសម្រួលដល់ការដាក់បញ្ចូលឌីជីថល និងបើកចំហឱកាស សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងតំបន់ទាំងនេះ។
ក្រុមហ៊ុន Meta បានបញ្ជាក់ទៀតថា គម្រោងខ្សែកាបនេះ នឹងប្រើប្រាស់ប្រព័ន្ធ 24 fiber-pair ធ្វើឱ្យវាមានសមត្ថភាពបញ្ជូនអ៊ីនធឺណិតកាន់តែខ្ពស់ ហើយវាកាន់តែមានសារៈសំខាន់ជាងមុន ពីព្រោះវាជាមធ្យោបាយផ្តល់ថាមពលដល់សេវាកម្មឌីជីថលជាច្រើន និងផ្ទេរទិន្នន័យទូទាំងពិភពលោកក្នុងល្បឿនលឿន។
យោងតាមស្ថិតិមួយបានបង្ហាញថា ច្រើនជាង ៩៥% នៃចរាចរណ៍អ៊ីនធឺណិតរបស់ពិភពលោក ត្រូវបានផ្ទេរតាមរយៈខ្សែកាបក្រោមសមុទ្រ។ ហើយបើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារទូរគមនាគមន៍ TeleGeography បានឱ្យដឹងថា បច្ចុប្បន្នមានប្រព័ន្ធខ្សែកាបក្រោមសមុទ្រដែលស្គាល់ជាទូទៅជាង ៦០០គម្រោងនៅទូទាំងពិភពលោក។
គម្រោងទាំងនេះក៏រាប់បញ្ចូលទាំងខ្សែកាប 2Africa ដែលគាំទ្រដោយ Meta និងប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តមួយចំនួន មានដូចជា Orange, Vodafone និង China Mobile ដែលតភ្ជាប់ទ្វីបទាំងបី និងមានប្រវែង ៤៥,០០០គីឡូម៉ែត្រ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

