Samsung បោះបង់ចោលការទិញភាគហ៊ុនតម្លៃជាង ២ពាន់លានដុល្លារ
សេអ៊ូល ៖ ក្រុមហ៊ុន Samsung បានសម្រេចចិត្តថា នឹងបោះបង់ចោលភាគហ៊ុនមានតម្លៃប្រហែល ២.១១ពាន់លានដុល្លារ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះបានទិញពីមុន។
ក្រុមហ៊ុន Samsung ធ្លាប់បានអះអាងកាលពីខែវិច្ឆិកាឆ្នាំមុនថា ខ្លួននឹងទិញភាគហ៊ុនត្រឡប់មកវិញដែលមានតម្លៃ ៧.១៧ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំ ដើម្បីបង្កើនតម្លៃភាគហ៊ុនិក បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំបំផុតក្នុងពិភពលោកនេះ បានដាំក្បាលចុះទាបជាគូរប្រជែង ដូចជា SK Hynix ហើយនេះក៏ជាលើកដំបូងផងដែរ ដែល Samsung សម្រេចចិត្តទិញយកភាគហ៊ុនត្រឡប់មកវិញ ចាប់តាំងពីឆ្នាំ ២០១៧។
យ៉ាងណា ក្រុមហ៊ុនជើងខ្លាំងផលិតគ្រឿងអេឡិចត្រូនិចុមួយនេះ បាននិយាយនៅក្នុងឯកសារនិយតកម្មដាច់ដោយឡែកមួយថា ខ្លួននឹងទទួលបានប្រាក់ជាង ១.៨ពាន់លានដុល្លារនៃភាគហ៊ុនធម្មតារបស់ខ្លួន និងជាង ២១០លានដុល្លារនៃភាគហ៊ុនផ្សេងទៀត នៅចន្លោះថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំនេះ ដើម្បីបង្កើនតម្លៃភាគហ៊ុនិក និងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិករបស់ខ្លួន។
ក្រៅពីបញ្ហាភាគហ៊ុន ក្រុមហ៊ុន Samsung ថ្មីៗនេះក៏ទើបតែបានប្រកាសវិនិយោគបន្ថែមទៅលើវិស័យថ្មីៗ មានដូចជា បញ្ញាសិប្បនិម្មិត (AI) ឧស្សាហកម្មបន្ទះឈីប (Semiconductor) និងការបំប្លែងឌីជីថលនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។
Samsung គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២៣.២ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណូលកើនឡើងដល់ចំនួន ៦២.៥ពាន់លានដុល្លារ និងតម្លៃនាំចេញកើនដល់ ៥៤.៤ពាន់លានដុល្លារនៅឆ្នាំ២០២៤៕
ប្រភព ៖ Channel News Asia និង VNExpress ប្រែសម្រួល ៖ ឈឹម ទីណា


