ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យអង្គការដៃគូរួមចំណែកជាមួយគោលដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន
(ភ្នំពេញ)៖ ការបណ្តុះជំនាញដល់ប្រជាសហគមន៍ឱ្យពួកគេ អាចទាញយកប្រាក់ចំណូលប្រចាំថ្ងៃបានពីការងារអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ នៅតាមរបៀងទេសចរណ៍ធម្មជាតិនីមួយៗ ជាទិសដៅសំខាន់នៃគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថានបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
អនុលោមតាមយុទ្ធសាស្រ្តនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ឯកឧត្តមនឹងគាំទ្រដល់គម្រោងសកម្មភាពអង្គការដៃគូទាំងអស់ ដែលបានរួមចំណែកនៅក្នុងគោលដៅលំហែបៃតងនេះ ហើយការចូលរួមនោះទៀតសោត គឺដើម្បីការពារអត្ថប្រយោជន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Jemima Parry-Jones ប្រធានសមាគមអ្នកជំនាញអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងការងារអភិរក្សសត្វត្មាតពីការផុតពូជ ដោយលទ្ធភាពជាក់ស្តែងគឺបានរួមចំណែកធ្វើឱ្យចំនួនសត្វសត្វត្មាតមានការកើនឡើងជាលំដាប់ ជាពិសេសគម្រោងបានបង្រៀន និងបណ្តុះជំនាញដល់ប្រជាសហគមន៍ឱ្យពួកគាត់ផ្លាស់ប្តូរពីរបរចូលព្រៃចាប់សត្វមកជាអ្នកការពារ និងអភិរក្សសំបុកសត្វ ដើម្បីបង្កើនចំនួនសត្វត្មាតពីការផុតពូជ តាមរយៈការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។
សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២ យោងតាមលទ្ធផលជំរឿនស្តីពីស្ថានភាពសត្វត្មាតកម្ពុជា បានបង្ហាញថា កម្ពុជាមានសត្វត្មាតទាំង ៣ប្រភេទ សរុបចំនួន ១៣៤ ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ក្បាល ត្មាតត្នោត ៤៤ក្បាល និងត្មាតភ្លើងចំនួន ១៩ក្បាល ហើយចំនួនសត្វត្មាត មានការកើនឡើងចំនួន ១៣ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១២១ក្បាល ដែលនេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក៕
ដោយ ៖ ង៉ាន់ ទិត្យ





