សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២ ៥៥១នាក់

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២ ៥៥១នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។ និស្សិត ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកើតចេញពីអង្គការ ក្នុងស្រុកមួយបណ្តុះបណ្តាលជំនាញវគ្គខ្លី ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២ ។ អង្គការ អាស៊ី អឺរ៉ុប បានបង្កើតបន្ថែមជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំ២០០៥ ។ នៅឆ្នាំ២០១២ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យឯកជន ដែលបានបង្កើតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនមុនគេបង្អស់ ទទួលការគាំទ្រពីក្រសួង អប់រំ យុវជន កីឡា និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

សព្វថ្ងៃនេះ ទាំងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអង្គការអាស៊ី អឺរ៉ុប បាននិងកំពុងបណ្ដុះបណ្ដាល ធនធានមនុស្សយ៉ាងសកម្ម សរុបបានជាង២២ឆ្នាំ ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អង្គការ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និយោជិត និងសាស្រ្តាចារ្យសរុបចំនួន ៤៨៥នាក់ ព្រមទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាសរុបចំនួន ៨, ៨៨១នាក់។ ក្នុងនោះ ចាប់ពីឆ្នាំសិក្សា២០០៥ ដល់ត្រឹមឆ្នាំសិក្សា ២០២២ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាសរុបចំនួន ៦៤,៤២៣នាក់ (នារី ២៧ ០៤៥នាក់) រាប់បញ្ចូលទាំងនិស្សិតជ័យលាភី ដែលកំពុងមានវត្តមាននៅទីនេះ ។

បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច, មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, និង មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្រ មានមុខជំនាញចំនួន២៣, ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានមុខជំនាញចំនួន១៨ និងថ្នាក់បណ្ឌិត មានមុខជំនាញចំនួន៩។

អ្នកឧកញ៉ា លី ឃុនថៃ ក៏បានឱ្យដឹងផងដែរថា សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានអនុវត្តរបៀបគ្រប់គ្រង និងផ្តល់សេវាកម្មអប់រំ តាមបែបឌីជីថល និងបន្តពិនិត្យរៀបចំដាក់បញ្ចូល ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវប្រព័ន្ធឌីជីថលជាច្រើនទៀត ដូចជា A.I, Machine Learning, Cloud Computing, ប្រព័ន្ធគ្រប់គ្រងវត្តមានតាមផ្ទៃមុខ និងប្រព័ន្ធគ្រប់គ្រងអគារឆ្លាតវៃជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner