រដ្ឋមន្ត្រីសុខាភិបាល៖ «គម្រោងមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅ​មន្ទីរ​​ពេទ្យ​កាល់ម៉ែត នឹងរួមចំណែកបង្កើនប្រសិទ្ធភាពការធ្វើរោគ​វិនិ​ច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា»

(ភ្នំពេញ)៖ ខណៈទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ​ជំនាញផ្នែក Cyclotron ប្រចាំ តំបន់មហាសមុទ្រឥណ្ឌា ដឹកនាំដោយលោក Christian MERIAU, Directeur du GIP CYROI កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសផ្នែក Cylotron ដែលបានមកជួយសិក្សាលម្អិតអំពីសុវត្ថិភាព​វិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារ​វេជ្ជសាស្រ្ត ស៊ីក្លូត្រុងបន្ថែម និងផ្តល់យោបល់ ដើម្បីជាមូល​ដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត គាំទ្រដល់ការ​ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក ។

លោកសាស្ត្រាចារ្យ Christian MERIAU បានថ្លែងអំណរ​គុណ និងបានអបអរសាទរដល់កម្ពុជា ជាពិសេសមន្ទីរពេទ្យ​កាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចម្រើនផ្នែកខាងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។

លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់អំពីគោលបំណងជួយកម្ពុជា​បន្ថែមទៀតរួមមាន៖ ជួយបណ្តុះបណ្តាលនិស្សិត និងអ្នកជំនាញការជនជាតិខ្មែរ លើបច្ចេកទេសស៊ីក្លូត្រុង -ទទួលនិស្សិតខ្មែរដែលចង់ធ្វើកម្មសិក្សា និងសិក្សាស្រាវជ្រាវ​ពាក់ព័ន្ធនឹងការងារស៊ីក្លូត្រុង -ជួយសម្របសម្រួលបញ្ជូនអ្នក​ជំនាញផ្នែកស៊ីក្លូត្រុងមកជួយបណ្តុះបណ្តាលនៅកម្ពុជា និង ជួយផ្តល់ប្រឹក្សាលើបច្ចេកទេសសាងសង់សំណង់ និងដំណើរ​ការមជ្ឈមណ្ឌលស៊ីក្លូត្រុងនៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍លើគម្រោងសហប្រតបត្តិការ ដែលបានស្នើឡើងខាងលើដោយភាគីបារាំង ព្រមទាំងសង្ឃឹម និងជឿជាក់ថា ក្រុមការងារជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងក្រុមការងារបច្ចេកទេស របស់លោកសាស្ត្រាចារ្យ Christian MERIAU សហការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការរៀបចំ និងការដំណើរការប្រព័ន្ធស៊ីក្លូត្រុង (Cyclotron System) នៅមន្ទីរពេទ្យកាល់ម៉ែត ឱ្យបានឆាប់រហ័សសម្រាប់ជាប្រយោជន៍ដល់អ្នកជំងឺមហារីក ដែលកំពុងទន្ទឹងរង់ចាំទទួលបានសេវាព្យាបាលកម្រិតខ្ពស់បំផុតនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner