ឯកឧត្តម ហ៊ុន ម៉ានី ៖ ពេលខ្លះយើងម្នាក់ៗចង់ជួយសង្គម​តែលទ្ធភាព​​សម្ភារនិងថវិកាអាចមិនដូចគ្នា តែអ្វីដែលយើង​អាច​បរិច្ចាគ​បានគឺឈាមរបស់យើង

(ភ្នំពេញ)៖ ថ្លែងនាឱកាសចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់​សប្បុរសធម៌ ក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាម ១០០០​សាក់ ដើម្បីជួយសង្គ្រោះជីវិត នាល្ងាចថ្ងៃទី១៨ ខែ កុម្ភៈ នាកីឡដ្ឋានមជ្ឈបណ្ឌលកីឡាកងយោធលខេមរភូមិន្ទ ស្តាតចាស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករ​កីឡា​កម្ពុជា បានថ្លែងលើកឡើងថា កម្មវិធីបាល់ទាត់សប្បុរសធម៌ ការបរិច្ចាគឈាមជូនដល់មជ្ឈបណ្ឌលជាតិផ្តល់ឈាម ដើម្បី​ត្រៀមទុកផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឈាមសង្រ្គោះអាយុជីវិតបន្ទាន់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់​ក្នុង​ការរួមចំណែកជួយដល់សង្គម ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលិចទៀតថា ឈាមដែល​ទទួលបាននៅក្នុងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីរាជការរយៈពេលមួយថ្ងៃនេះ គឺទទួលបានលើសការគ្រោងទុក ខណៈចំនួនយើងចង់​បាន​ត្រឹម ១០០០សាក់ ប៉ុន្តែយើងទទួលបានក្នុងតួលេខបឋម​មាន​រហូតដល់១២៥៧សាក់ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ទឹក​ចិត្តរបស់ប្រជាពលរដ្ឋចូលរួមគឺធំធេងខ្លាំងណាស់។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលិចទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធានៃព្រះរាជាណាចក្រកម្ពុជា បានលើក​ឡើងថា ពេលខ្លះយើងម្នាក់ៗចង់ជួយដល់សង្គម ប៉ុន្តែ​លទ្ធ​ភាព​​ទាំងសម្ភារនិងថវិកាអាចមិនមានដូចគ្នា ប៉ុន្តែអ្វីដែលយើង​គ្រប់គ្នាអាចធ្វើការបរិច្ចាគបានជួយដល់សង្គមប្រាកដណាស់គឺឈាមរបស់យើង ។

ឈាមដែលផ្តល់ជូនដោយប្រជាពលរដ្ឋនាពេលនេះ ក្នុង​រយៈ​ពេល​មួយថ្ងៃមានរហូតដល់ ១២៥៧សាក់ ពិតជាបានបំបែក​កំណត់ត្រាមួយធំ ប៉ុន្តែលើសពីនេះ ឈាមដែលបងប្អូន​បាន​បរិច្ចាគ គឺបានចូលរួមចំណែកជួយទៅ​ដល់សមាជិក​គ្រួសារ​ដែលត្រូវការឈាមភ្លាមដោយគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ហើយ វប្បធម៍នេះនឹងនូវតែបន្ត។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍ប្រកួត​បាល់ទាត់សប្បុរសធម៌ និងចលនា ដើម្បីផ្តល់ឈាម ១០០០​សាក់ រវាងក្រុមទាំងពីរនេះ ជាជំហានដំបូង ហើយ យើងកំពុង​គិតគូរួមគ្នាបន្ថែមទៀតធ្វើយ៉ាងណាឱ្យមាននិរន្តភាព ដោយ​មាន​ការផ្តល់ឈាមជាប្រចាំប្រគល់ជូនមជ្ឈបណ្ឌល​ជាតិផ្តល់​ឈាម ទុកជួយសង្រ្គោះអាយុជីវិតអ្នកត្រូវការឈាម។

កម្មវិធីព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ចលនាកៀគរ​បរិច្ចាគ​​ឈាមនេះ គឺជាការរៀបចំឡើងដោយ ក្រុមបាល់ទាត់​ពិធីក​រកីឡាកម្ពុជា សហការជាមួយមជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាម ក្នុងគោលបំណងបង្កើតទម្លាប់នៃវប្បធម៌​នៃការបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជន​ទូទៅ​ចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់​ឈាមនៅ​ទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាម​គ្រប់​គ្រាន់​សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរ​ពេទ្យ​ទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាស​នា ឬនិន្នាការនយោបាយ ជាពិសេសផ្សារភ្ជាប់សកម្មភាព​បរិច្ចាគ​​ឈាម​ដោយស្ម័គ្រចិត្ត ៕

ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner