នាយករដ្ឋមន្ត្រី គូសញ្ជាក់ពីសៀវភៅប្រវត្តិវិទ្យាថ្មី, តើមានកែប្រែប្រវត្តិសាស្ត្រដូចការចោទប្រកាន់មែនដែរឬទេ?
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសញ្ជាក់ថា មានមតិ មួយចំនួន បានចោទប្រកាន់ ទៅលើការដាក់បង្រៀនសៀវភៅប្រវត្តិវិទ្យាថ្មីថា ដើម្បីកែប្រែប្រវត្តិសាស្រ្តឱ្យខ្មែរដឹងគុណប្រទេសជិតខាង ដែលការចោទនេះ ពុំមែនជាការពិតនោះទេ ព្រោះថា ខ្លឹមសារនៅក្នុងសៀវភៅប្រវត្តិវិទ្យា រក្សានៅដដែល គ្រាន់តែធ្វើទំនើបកម្មសៀវភៅ ឱ្យមានភាពល្អប្រសើរប៉ុណ្ណោះ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ទាក់ទងនឹងសៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអ្នកលេងបណ្ដាញសង្គមមួយចំនួន បានយកមកផ្សព្វផ្សាយថា មានកែប្រែប្រវត្តិសាស្ត្រនោះ គឺជាសៀវភៅ ដែលបានពន្យល់បន្ថែម តាមដំណាក់កាល តាមប្រវត្តិសាស្រ្ដដែលបានកើត និងធ្វើទំនើបកម្ម ដើម្បីកុមារចាប់សិក្សា និងទទួលបានចំណេះដឹង ។
សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» គឺជាសៀវភៅសិក្សាបន្ថែម មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារ មកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រកន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។ សៀវភៅនេះ មិនមែននិយាយពីការដឹងគុណ ប្រទេសណាមួយនោះទេ ប៉ុន្ដែគឺជាសៀវភៅ មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្រ្ដ ដល់កូនខ្មែរគ្រប់ជំនាន់ ។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជា ថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការព្រួយបារម្ភពីប្រទេសជាតិ មិនមែនជារឿងខុសនោះទេ ប៉ុន្តែអ្នកដែលព្រួយបារម្ភខ្លះ មិនបានទាំងអានសៀវភៅថ្មីនោះផង ដូច្នេះ យើងមិនត្រូវជឿទៅលើអ្វីដែលគេបាននិយាយនោះទេ ពោល គឺត្រូវស្រាវជ្រាវទៅលើបញ្ហាឱ្យបានច្បាស់ ទើបយើងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រសួងអប់រំ ឱ្យបង្ហោះផ្សាយសៀវភៅប្រវិត្តវិទ្យាថ្មីទាំងនោះនៅលើបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋយើង បានសិក្សាច្បាស់លាស់អំពីសៀវភៅនេះ ។
បើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា សៀវភៅ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ផ្តោតសំខាន់លើការវិវត្តរបស់ជនជាតិខ្មែរ និងទីកន្លែងសំខាន់ៗក្នុងប្រវត្តិសាស្ត្រតាំងពីសម័យសង្គមរាស្ត្រនិយមរហូតដល់បច្ចុប្បន្ន។
សៀវភៅនេះបង្ហាញឱ្យឃើញពីឧបសគ្គ និងបញ្ហានានាដែលកើតមានលើទឹកដីខ្មែរ ព្រមទាំងការខិតខំ តស៊ូ ប្រឹងប្រែង លះបង់ប្រកបដោយភក្ដីភាព ស្នេហាជាតិ និងច្នៃប្រឌិតខ្ពស់របស់ខ្មែរគ្រប់ជំនាន់ក្នុងការជម្នះឧបសគ្គ និងកសាងជាតិខ្មែរឱ្យត្រឡប់មកមានសន្តិភាព មាន ការអភិវឌ្ឍ និងមានកិត្យានុភាពលើឆាកអន្តរជាតិសាជាថ្មីម្តងទៀត៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


