ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ កម្ពុជា បំពេញទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ កម្ពុជា ទៅបំពេញទស្សនកិច្ចការងារ​នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍​ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

ដំណើរទស្សនកិច្ចការងារនេះ គឺជាការបន្តអនុវត្តយន្តការ​សហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល​វៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងចូល​រួមកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិ​ការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការ​សហប្រតិ​បត្តិការឆ្នាំ២០២៥ រវាងក្រសួងទាំងពីរ ផងដែរ ។

លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំ​ចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើ​ប្រធានបទសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក មុននឹងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ។

លោកបន្តថា ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ច​សហប្រតិ​បត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការ​សហ​ប្រតិបត្តិការ ឆ្នាំ២០២៥ នោះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរ​ព័ត៌មាន និងការយល់ឃើញអំពីសភាពការណ៍សាកល សភាព​ការណ៍ប្រទេសរៀងខ្លួន ទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោក​តាមប្រព័ន្ធទូរគមនាគមន៍ (Online Scam) មុននឹងពិនិត្យ​ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ។

បើតាមលោក រ៉េន រតនៈ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ជាយន្តការដ៏មានសារៈសំខាន់ ឆ្លុះបញ្ចាំងអំពីការយកចិត្ត​ទុក​ដាក់ និងការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជា​រវាង​ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនាមជាប្រទេសក្បែរខាង។

សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏នឹងអញ្ជើញចូលជួប​សម្ដែង​ការ​គួរសមជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋ​មន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner