និស្សិត និងពលករខ្មែរនៅប្រទេសជប៉ុន អំពាវនាវឱ្យពល​រដ្ឋខ្មែរ ​នៅបរទេសជឿជាក់លើរាជរដ្ឋាភិបាលក្នុង​ការដោះ​ស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី

(ភ្នំពេញ)៖ និស្សិត និងពលករខ្មែរ ដែលកំពុងសិក្សារៀនសូត្រ និងធ្វើការ នៅប្រទេសជប៉ុនបានអំពាវនាវឱ្យពលរដ្ឋខ្មែរ​នៅ​បរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាង​នាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹងក្រោមរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងក្រៅប្រទេសដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ ជាមួយបណ្តា​ប្រទេស​ជាមិត្ត។

លោក សូរ មុនីឬទ្ធ ជានិស្សិតខ្មែរដែលកំពុងសិក្សានៅ​ទីក្រុង​តូក្យូ ប្រទេសជប៉ុន បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិត​ខ្មែរ​ដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេស​ជប៉ុន​សូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ​ស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី តាមរយៈការចរចារ ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ។ បងប្អូន​ពលករខ្មែរត្រូវជឿជាក់លើមេដឹកនាំខ្មែរខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត។

និស្សិតរូបនេះថាខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត ដែល​ជា​ការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តង​ហើយម្តង​ទៀត ដែលការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះ​ស្រាយ​បញ្ហាព្រំដែនបាននោះទេ ប៉ុន្តែក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង​រវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេស​អាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។

ដោយឡែក លោកស្រី ប្រាក់ សេងហៀក ជាពលករជំនាញ​ខ្មែរធ្វើការនៅតំបន់ក្យូតុ ប្រទេសជប៉ុន បានលើកឡើងថាខ្លួន​មានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិត​ខាង​ដោយ​សន្តិវិធី ដើម្បីរក្សាផលប្រយោជន៍ជាតិជារួម ជាជាងធ្វើ​សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

ពលកររូបនេះបានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅបរទេសទាំងអស់កុំចូលរួមធ្វើបាតុកម្មតាមរយៈការអុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយមដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំ​ដោះ​ស្រាយតាមរយៈការចរចារដោយសន្តិវិធី។

ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរអំពាវនាវដល់ប្រជាពលរដ្ឋ​កុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹង​ពលរដ្ឋ ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការចរចា​គ្នានៅ​ឡើយ ។ ពួកគេមានចេតនាទុច្ចរិតបង្កឱ្យមានជម្លោះ​រវាង​ប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner