មេធាវីអាមេរិកចោទលោក Trump និង Elon Musk រឿងកាត់បន្ថយការចំណាយថាជា “រដ្ឋប្រហារ”
បរទេស៖ អគ្គមេធាវីអាមេរិក បានអះអាងថា ការកាត់បន្ថយចំណាយដ៏ធំ ក្រោមរដ្ឋបាល លោកប្រធានាធិបតីអាមេរិក Donald Trump និង លោកមហាសេដ្ឋកិច្ចបច្ចេកវិទ្យា Elon Musk គឺជារដ្ឋប្រហារ ជាក់ស្តែង នេះបើតាមការចេញផ្សាយ របស់កាសែត The Guardian នៅថ្ងៃអង្គារនេះ។
ការហៅនេះ បានកើនមានឡើង ក្រោយពេលបុរសទាំងពីររូបនេះ បានវាយប្រហារចៅក្រម ដែលបានធ្វើសេចក្តីសម្រេច ប្រឆាំងនឹងការផ្លាស់ប្តូររបស់ពួកគេ ជាអ្វីដែលក្រុមអ្នកច្បាប់ហៅថា ជាការកាត់បន្ថយអំណាច នៃសភា និងតុលាការ។
អគ្គមេធាវី របស់រដ្ឋ Arizona លោកស្រី Kris Mayes បាននិយាយថា « សម្រាប់ករណី លោកTrump និង លោក Musk យើងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច ដែលយើងមិនយល់ស្រប យើងក៏មិនអើពើ នឹងការបង្គាប់របស់តុលាការ ឬ គំរាមកំហែងលើចៅក្រម យើងមិនចូលចិត្ត សេចក្តីសម្រេចទាំងនោះទេ ព្រោះ វាគឺជារដ្ឋប្រហារ ច្បាស់ណាស់»។
លោក Musk និង លោក Trump ថ្មីៗនេះ បានរិះគន់ ដោយចោទប្រកាន់ ថា មានការជ្រៀតជ្រែកផ្នែកតុលាការ លើបទបញ្ជា។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Musk បានចាត់ទុកចៅក្រមថា «ពុករលួយ»។ ក្នុងពេលមានវត្តមានជាមួយ លោក Musk នៅសេតវិមាន នាពេលថ្មីៗនេះ លោក Trump បានបន្ទរសម្តីគាំទ្រ លោក Musk ដោយហៅការចោទរបស់ចៅក្រម ជាការរំលោភធ្ងន់ធ្ងរណាស់។
ក្រៅពីអ្នកជំនាញផ្នែកច្បាប់ ក៏មានខាងគណបក្សប្រជាធិបតេយ្យ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត សុទ្ធតែប្រឆាំងនឹង កម្លាំងជំរុញដ៏ខ្លាំង របស់លោក Donald Trump និង Elon Musk ក្នុងការកាត់បន្ថយការចំណាយ សហព័ន្ធប្រចាំឆ្នាំ រាប់ពាន់លានដុល្លារ ខណៈដែលសកម្មភាពទំាំងនេះលុបបំបាត់ការងារដ៏ធំ និង បន្ថយឥទ្ធិពលនៃបទប្បញ្ញត្តិ ដែលកំពុងជំរុញ ឱ្យមានចលនា ខុសច្បាប់។
សមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋ Rhode Island លោក Sheldon Whitehouse បាននិយាយថា ការអះអាងរបស់ Donald Trump និង Elon Musk ដែលថា ធ្វើដើម្បីកាត់បន្ថយការខ្ជះខ្ជាយ បំបាត់ការក្លែងបន្លំ និងការរំលោភបំពាន គឺគ្រាន់តែជា អ្វីមួយដែលលាក់បាំង ការពិត អំពីចេតនា ពិតប្រាកដរបស់ពួកគេ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត