បុណ្យទន្លេលើកទី៩នឹងប្រារព្ធនៅខេត្តតាកែវចាប់ពីថ្ងៃទី២១-២២-២៣ ខែមីនាខាងមុខ

តាកែវ៖ព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ នឹងរៀបចំធ្វើឡើងនៅទឹកដីខេត្ត​តាកែវ នាសួន​ច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ រយៈពេល​បីថ្ងៃចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥​ខាងមុខ។នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំ​កាល​ពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅសាលាខេត្តតាកែវ ។

ដោយមានវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្នុងកិច្ចប្រជុំ​ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកសរសើរពីលក្ខណៈពិសេសរបស់ខេត្តតាកែវ ជាខេត្តដែលមាន​សក្ដានុពលមួយ ក្នុងនេះមាន តំបន់ទេសចរណ៍​ប្រវត្តិសាស្រ្ត រមណីយដ្ឋានទេសចរណ៍ធម្មជាតិ សិប្បកម្មតម្បាយ សូត្រ ហូល ផាមួង ក្រមា កសិកម្មដំណាំស្រូវ ធនធានធម្មជាតិពិសេសៗជា​ច្រើន ដូចជា បង្កងទឹកសាបដ៏ល្បីល្បាញ ពងទាកូនស្រែរនោង ។ល។​ទាំងនេះជាចំណុចទាក់ទាញទេសចរ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្ថែមថា គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយ​សក្តានុ​ពល​ទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្ត​ទាំងនោះ ឱ្យចូលរួម​យ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេគឺ​ជាកម្មវិធីពិពិ​ធកម្មផលិតផលទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែប​ប្រកបដោយភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវ​ទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកចូលទស្សនា ,មកស្នាក់នៅក្នុងខេត្តតាកែវកាន់​តែច្រើនឡើងៗ ។

សូមជម្រាបថា តាមកម្មវិធីគ្រោងទុកបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវនឹងប្រារព្ធនៅថ្ងៃទី ២១-២២-២៣ ខែមីនា ខាងមុខ​នាបរិវេណសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ។ក្នុងព្រឹត្តិការណ៍នេះដែរ​ក៏នឹងមានព្រឹត្តិការណ៍​កីឡា ១០ប្រភេទ ,សិល្បៈកម្សាន្ត បុរាណ និង​សម័យ ការដាក់តាំងនូវផលិតផលនានា។

សូមជម្រាបជូនថា បុណ្យទន្លេបានរៀបចំឡើងតាមរបៀនឆ្លាស់វេន ដោយបុណ្យទន្លេលើកទី១ ប្រារព្ធនៅខេត្តក្រចេះ​ ក្នុងឆ្នាំ២០១៥ ។លើកទី២ ប្រារព្ធនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០១៦។លើកទី៣ ប្រារព្ធនៅ​ខេត្តស្ទឹងត្រែង​ក្នុងឆ្នាំ២០១៧។លើកទី៤ ប្រារព្ធនៅ​ក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងឆ្នាំ២០១៨។លើកទី៥ ប្រារព្ធនៅ​ខេត្តកំពង់​ឆ្នាំងក្នុង​ឆ្នាំ២០១៩​។លើកទី៦ បានរៀបចំនៅខេត្តបាត់ដំបង ក្នុងឆ្នាំ​២០២០ ។សម្រាប់ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ កម្ពុជា មិនបានប្រារព្ធ​ទេដោយសារវិបត្តិកូវីដ-១៩។ចំណែកបុណ្យទន្លេលើកទី៧ ប្រារព្ធឡើង​វិញ​នៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣ ។លើកទី៨ ប្រារព្ធនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៤៕
ដោយ៖ តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner