ការដ្ឋានផ្លូវដីក្រហមប្រវែងជាង ២១ គីឡូម៉ែត្រ នៅស្រុកសណ្ដាន់ សម្រេចបានពាក់កណ្ដាលផែនការ

កំពង់ធំ៖ពីទីរួមស្រុកសណ្ដាន់ ទៅឃុំដងកាំបិត នៃខេត្តកំពង់ធំការដ្ឋាន​ស្ថាបនា​ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែងជាង២១គីឡូម៉ែត្រ​កំពុង​ដំណើរការយ៉ាងមមាញឹកដោយក្រុមការងាររបស់លោក សំ លាងទ្រី ប្រធាន​ក្រុមវិស្វកម្ម ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ​កងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ធំបានអញ្ជើញ​ត្រួតពិនិត្យ​ការស្ថាបនាផ្លូវដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ។

លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្មបានជម្រាបប្រតិភូថា កំណាត់​ផ្លូវនេះបានបើកការដ្ឋាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ ។មកដល់​បច្ចប្បន្ន​ការដ្ឋានសម្រេចបានប្រមាណ ៥០ភាគរយ ហើយរំពឹងថានឹងបញ្ចប់នៅ​ពេល​ឆាប់ៗខាងមុខ។

បន្ទាប់ពីការសាងសង់ផ្លូវប្រវែងជាង២១គីឡូម៉ែត្របញ្ចប់ នឹងរួមចំណែក​ដល់ការរស់នៅ ការធ្វើដំណើរ និងការដឹកជញ្ជូន​ផលិតផ​លពីជនបទ​មក​កាន់​ទីផ្សារ របស់ប្រជាជនខេត្តកំពង់ធំនិយាយជារួម និងឃុំដងកាំបិត ស្រុកសណ្ដាន់និយាយ​ដោយឡែក៕
ដោយ​៖ប៊ុន​រដ្ឋា

ads banner