ថៃចង់ដកបំរាមលក់គ្រឿងស្រវឹងពេលរសៀល ដែលបានដាក់ ៥៣ឆ្នាំមកហើយ
បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានា សិក្សាលំអិតបន្ថែមអំពីការដកបំរាមលក់គ្រឿងស្រវឹងនាពេលរសៀល ដែលបានដាក់អស់ ៥៣ឆ្នាំមកហើយ ដោយលោកស្រីសង្ឃឹមថា នឹងឈានដល់ការសម្រេចជាផ្លូវការមួយនៅក្នុងខែមីនា។
បទបញ្ជានេះកើតឡើងចំពេលថៃបានដាក់ចេញយុទ្ធនាការឆ្នាំនេះជាឆ្នាំទេសចរណ៍ ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់ និងបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ២.៨ពាន់ពាន់លានបាត ឬ ៨៣.២ពាន់លានដុល្លារនៅឆ្នាំ ២០២៥នេះ។
រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Somsak Thepsutin បាននិយាយថា លោកបានណែនាំមន្ត្រីឱ្យសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោលបំរាមលក់គ្រឿងស្រវឹងពេលរសៀល។ បន្ថែមលើនេះ គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹង ក្រោមការត្រួតពិនិត្យរបស់ក្រសួង ក៏នឹងពិភាក្សាលើសំណើរបស់នាយករដ្ឋមន្រ្តី ហើយនឹងពិចារណាលើមតិនានា។
សម្រាប់ប្រទេសថៃ ការលក់ភេសជ្ជៈមានជាតិអាល់កុលត្រូវបានហាមឃាត់ នៅចន្លោះពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាច និងនៅថ្ងៃបុណ្យសាសនាសំខាន់ៗរបស់ព្រះពុទ្ធសាសនា។ ច្បាប់នេះត្រូវបានដាក់តាមក្រឹត្យមួយ ដោយរបបរដ្ឋប្រហារកាលពី ៥៣ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ ១៩៧២។ ក្រោយមកបទប្បញ្ញត្តិនេះ ត្រូវបានបញ្ចូលទៅក្នុងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងឆ្នាំ ២០០៨។
នៅក្រោមច្បាប់នេះ ការផាកពិន័យចំពោះការបំពានបទប្បញ្ញត្តិនៃការលក់គ្រឿងស្រវឹង រួមមានការជាប់ពន្ធនាគាររហូតដល់ ៦ខែ និងពិន័យជាប្រាក់ចំនួន ១០,០០០បាត ឬទាំងពីរ។ ចំណែកការរឹតបន្តឹងថ្ងៃបុណ្យ និងពេលវេលា មនុស្សម្នាក់ត្រូវតែមានអាយុយ៉ាងតិច ២០ឆ្នាំដើម្បីទិញគ្រឿងស្រវឹង។
ការលក់ក៏ត្រូវបានហាមឃាត់នៅក្នុងតំបន់មួយចំនួន ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការរដ្ឋបាលមូលដ្ឋាន ដូចជាតាមមាត់ទន្លេ មាត់ប្រឡាយ និងឆ្នេរ។ ចំពោះអ្នកដែលរកឃើញថាបំពានច្បាប់ទាំងនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និង ពិន័យជាប្រាក់ ៥០០,០០០បាត ឬទាំងពីរ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

