មន្ត្រីស្រុកប្រាសាទសំបូរ ចុះពិនិត្យស្រូវប្រាំងឃុំតាំងក្រសៅ ខណៈមមាចត្នោតកំពុងយាយី
កំពង់ធំ៖កសិករនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានរាយការណ៍ថា ស្រូវប្រាំងរបស់ពួកគេកំពុងរងគ្រោះដោយសត្វមមាចត្នោត។ទទួលព័ត៌មាននេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងមន្ត្រីជំនាញកសិកម្មកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញទៅកាន់ទីនោះដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងមានវិធានការជួយសង្រ្គោះ។
កសិករជាច្រើននាក់បានជម្រាបលោកអភិបាលស្រុកថា មានបញ្ហាធំពីរកំពុងកើតឡើង គឺសត្វមមាចត្នោតកំពុងបំផ្លាញស្រូវ និងទឹកស្រោចស្រពមិនគ្រប់គ្រាន់។ពួកគាត់សុំឱ្យផ្ដល់ថ្នាំបាញ់កម្ចាត់សត្វមមាចត្នោតនិងផ្ដល់ទឹកស្រោចស្រពឱ្យបានគ្រប់គ្រាន់នៅតំបន់ឆ្ងាយពីប្រភពទឹក។
របាយការណ៍ឃុំតាំងក្រសៅបានឱ្យដឹងថា ឃុំមានផ្ទៃដីស្រូវប្រាំងចំនួន ៣ ៤៨៨ ហិកតានិងទទួលទិន្នផលមធ្យម ៦ តោនក្នុងមួយហិកតា។តម្លៃស្រូវនៅថ្ងៃទី១៨ ខែកុម្ភៈ មួយគីឡូតម្លៃ ៧៤០ រៀល។ការប្រមូលផលទើបមាន ៥០ភាគរយ ខណៈដែលសត្វមមាចត្នោតកំពុងធ្វើឱ្យខូចខាតស្រូវច្រើនហិកតា៕
ដោយ៖ ប៊ុនរដ្ឋា

