រដ្ឋមន្ត្រីសុខាភិបាល ស្នើឱ្យ អង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ប្រចាំអាស៊ីប៉ាស៊ីហ្វិក ចែករំលែកចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីចូលរួមគាំទ្រវិស័យសុខាភិបាលកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ពិភាក្សាការងារជាមួយ លោក Eric Woo អនុប្រធាន អង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ECRI ប្រចាំអាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើលទ្ធភាពគម្រោងចូលរួមជួយប្រព័ន្ធថែទាំសុខភាព លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ កែលម្អគុណភាពគ្លីនិក និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំណូមពរ លោក Eric Woo ពិនិត្យលទ្ធភាពជួយ ចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញការស្រាវជ្រាវអំពីការអនុវត្តប្រើប្រាស់និយាមស្តង់ដារ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាពសេវាថែទាំ និងមន្ទីរពេទ្យ ឱ្យការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺនៅ កម្ពុជា។
លោក Eric Woo បានលើកឡើង អំពីបេសកកម្មរបស់ ECRI ដែលជាអង្គការឯករាជ្យមិនគិតប្រាក់ចំណេញ មានបេសកកម្មស្រាវជ្រាវការថែទាំសុខភាព ជួយដល់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាថែទាំសុខភាព ដើម្បីសុវត្ថិភាពអ្នកជំងឺ។ ECRI ជួយអ្នកពាក់ព័ន្ធជាច្រើន តាមរយៈការស្រាវជ្រាវដ៏រឹងមាំ ការវាយតម្លៃបច្ចេកវិទ្យា ផ្តល់ព័ត៌មានត្រឹមត្រូវ ជួយអ្នកបង្កើតគោលនយោបាយរហូតដល់អ្នកផ្តល់សេវា ក្នុងការសម្រេចចិត្ត ដែលនាំទៅរកស្តង់ដារសុវត្ថិភាព គុណភាពខ្ពស់ នៃការថែទាំអ្នកជំងឺ ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ