នាយករដ្ឋមន្ដ្រី លើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ បើគ្រូ​ពេទ្យ​រូបណា មិនយកចិត្ដទុកដាក់ ពេលប្រើបណ្ណសមធម៌ ឬបណ្ណ ប.ស.ស.

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត សូមឱ្យ​ប្រជា​ពល​រដ្ឋ រាយការណ៍លើករណីគ្រូពេទ្យរូបណា មិន​យក​ចិត្ដទុក​ដាក់ នៅពេលប្រើប្រាស់ បណ្ណសមធម៌ ឬបណ្ណប.ស.ស. ជា​ដើម ព្រោះគ្មានការរើសអើង លើការប្រើប្រាស់បណ្ណទាំង​នេះ​ទេ ។ សម្តេច ថា ក្រសួងសុខាភិបាល ត្រូវធានាចំពោះពលរដ្ឋ​គ្រប់រូប ទាំងពលរដ្ឋ ដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយ​រងហានិភ័យ ឬបណ្ណ ប.ស.ស ត្រូវទទួលបានទាន់ពេល នូវ​សេ​វា​សុខាភិបាល ដើម្បីចៀសវាងការថ្នាំថ្នាក់ពីសំណាក់​ប្រជា​ពលរដ្ឋ ដែលបានអនុវត្តគោលនយោបាយអាទិភាព​ចំពោះ​វិស័យ​សុខាភិបាលរបស់រាជរដ្ឋាភិបាល ។

សម្ដេចមហាបវរធិបតី បានថ្លែងដូច្នេះ ក្នុងពិធី “បើកសប្តាហ៍​គាំពារ​សង្គមកម្ពុជា ឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្ត​ជាផ្លូវ​ការក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥” នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

ពាក់ព័ន្ធនឹងវិស័យសុខាភិបាល សម្តេចបវរធិបតី បានគូស​បញ្ជាក់​ថា ត្រង់ចំណុចនេះ សូមលើកទឹកចិត្ត ដល់ប្រជា​ពល​រដ្ឋ ត្រូវហ៊ានរាយការណ៍ ករណីគ្រូពេទ្យរូបណា ដែលមិនបាន​យកចិត្តទុកដាក់ ចំពោះខ្លួន ឬអ្នកប្រើប្រាស់បណ្ណសមធម៌ បណ្ណ ប.ស.ស ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល​ជំងឺ។ ចំណុចនេះ សម្ដេច បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​ការងារ ក៏ដូចជាឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចហើយ ។

សម្តេចបវរធិបតី បានបន្ថែមថា តម្លៃកម្មវិធីគាំពារសង្គម មិន​មែន​ស្ថិត​នៅលើទិន្នន័យ ឬតម្លៃចំនួនថវិការយឺតយ៉ាវនេះទេ។ តម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋ ដែលជាអ្នកទទួលបានផល និងជាអ្នកផ្តល់ឲ្យ អ៊ីចឹង ការគិតគូរពីគុណភាព សេវាព្យាបាល ជាការចាំបាច់ ទាំងថ្នាំ ទាំងឧបករណ៍ ទាំងកន្លែងព្យាបាលត្រូវ​មាន។ តម្លៃ មិនមែនត្រឹមកញ្ចប់ថវិកាទេ គឺនៅពេលប្រជាពល​រដ្ឋ ទៅព្យាបាល ត្រូវទទួលបានសេវាទាន់ពេលវេលា មានការ​យកចិត្តទុកដាក់ ដែលចំណុចនេះ គឺត្រូវតែយកចិត្តទុកដាក់​យ៉ាង​សំខាន់ ។

ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ក៏បានលើកឡើងដែរថា ចំពោះការផ្តល់បណ្ណសមធម៌ ត្រូវតែធ្វើឲ្យបានម៉ត់ចត់ មាន​តម្លា​ភាព ដោយកុំឲ្យមានករណីទៅព្យាបាលផង តែធ្វើបណ្ណ​សមធម៌ ដើម្បីទទួលបានលុយ គឺអត់មានទេ។ លើសពីនេះ ត្រូវតែអនុវត្តឲ្យតឹងរឹង ចំពោះអ្នក ដែលមិនបានអនុវត្តតាម​គោលការណ៍ ឬអ្នកមានការគេងបន្លំតាមរូបភាពណាមួយ ។

សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា លុយសម្រាប់ជួយប្រជា​ពលរដ្ឋ ហើយសម្រាប់ត្រៀមបម្រុងជួយ​ប្រជាពលរដ្ឋនៅពេល​ជួបការលំបាក ហើយបើសិនមូលដ្ឋាន ឬដៃគូរណាមិនអនុវត្ត គឺត្រូវចាត់វិធានការឲ្យតឹងរឹង តែម្តង។ យើងត្រូវទទួលស្គាល់ ១ដុល្លារ សម្រាប់មនុស្សម្នាក់ សម្រាប់ស្ត្រី ការបើកឲ្យចូលរួម នូវវិស័យឯកជន គឺជាកិច្ចការចាំបាច់ ។

សម្តេចបវរធិបតី បានបន្ថែមទៀតថា ត្រូវគ្រប់គ្រងថវិកា ត្រូវរៀបចំឲ្យចំគោលដៅ ហើយធានាឲ្យមានប្រសិទ្ធភាព មិនថា គ្រឹះស្ថានរដ្ឋ ឬគ្រឹះស្ថានឯកជន នោះទេ។ ដូច្នេះ សម្ដេច សូមអំពាវនាវដល់តួអង្គ ដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ តម្លាភាព និងការប្រព្រឹត្តិ​ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាធានាការជួយដល់​ប្រជា​ពលរដ្ឋរបស់យើង បានដោយចីរភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner