អង់គ្លេសគ្រោងដាក់ពង្រាយយន្តហោះចម្បាំងការពារដែនអាកាសអ៊ុយក្រែន

ឡុងដ៍ ៖ កាសែត The Times បានរាយការណ៍នៅថ្ងៃអង្គារថា រដ្ឋាភិបាលអង់គ្លេសកំពុងពិភាក្សាអំពីលទ្ធភាពនៃបេសកកម្មប៉ូលិសអាកាស ដើម្បីដាក់ពង្រាយយន្តហោះចម្បាំងការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន។

ថ្មីៗនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេច និងមានឆន្ទៈបោះទីតាំងកងទ័ពនៅអ៊ុយក្រែន ជាផ្នែកនៃការរៀបចំសន្តិសុខ បន្ទាប់ពីបទឈប់បាញ់ដ៏មានសក្តានុពលជាមួយរុស្ស៊ី។

ប្រភពពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានប្រាប់កាសែត The Times ថា គំនិតផ្តួចផ្តើមល្បាតតាមដែនអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះយោធាអង់គ្លេស និងប្រព័ន្ធប្រឆាំងយន្តហោះ នឹងអាចជួយដល់កងទ័ពមួយចំនួនតូចនៅអ៊ុយក្រែន។

របាយការណ៍បានឲ្យដឹងថា ការដាក់ពង្រាយយន្តហោះចម្បាំង Typhoon ដ៏មានសក្តានុពលពីមូលដ្ឋាននៅប្រទេសប៉ូឡូញ ត្រូវបានគេមើលឃើញថា ជាជម្រើសមួយ ក្រៅពីការដាក់ពង្រាយកងទ័ពជើងគោក ប៉ុន្តែត្រូវការការយល់ព្រមពីរុស្ស៊ី។

បើតាមការអះអាងរបស់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ទាហានបរទេសយ៉ាងហោចណាស់ ២០០.០០០នាក់ នឹងត្រូវការសម្រាប់ការធានាសន្តិសុខឲ្យបានគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន។

យ៉ាងណាមិញ កាសែត The Times បានចេញផ្សាយថា មន្ត្រីខ្លះចាត់ទុកបេសកកម្មរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ពង្រាយកងកម្លាំងសន្តិសុខ គឺជាជម្រើសដែលអាចសម្រេចបាន ដែលរុស្ស៊ីអាចនឹងគាំទ្រ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner