អនុវត្តទិសស្លោក «រក្សាចាស់ បង្កើតថ្មី និងអភិវឌ្ឍន៍ថ្មី»របស់ប្រមុខរាជរដ្ឋាភិបាល នាំឲ្យការសំដែងល្ខោន បាមោជ្ជទ័យ ទទួលលទ្ធផលជោគជ័យគួជាទីមោទនៈ

Read ៖ ល្ខោនបាមោជ្ជទ័យ ដែលសឹងតែបាត់ដានពីវិស័យសិល្បៈភាពយន្តខ្មែរទៅហើយ ត្រូវបានក្រសួងវប្បធម៌ គាស់រំលើងយកមកសម្តែងជាថ្មីវិញ និងបានទទួលការគាំទ្រយ៉ាងគគ្រឹក គគ្រេង ភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋខ្មែរ ។ ក្រោយប្រសាសន៍ជំរុញឲ្យមានការគាល់កកាយនូវសិល្បៈល្ខោនបុរាណចាស់ៗឡើងវិញ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមទិសស្លោក «រក្សាចាស់ បង្កើតថ្មី និងអភិវឌ្ឍន៍ថ្មី» ល្ខោនបាមោជ្ជទ័យ ត្រូវស្ថាប័នជំនាញបានលើកយកមកតំឡើងជាថ្មី ក្នុងខ្សែរឿងអក្សរសិល្ស៍ខ្មែរឿង កុលាបប៉ៃលិន និងបានដាក់សម្តែងឲ្យប្រជាពលរដ្ឋបានទស្សនា ។ ដោយសន្ទុះនៃការគាំទ្រពីសំណាក់ទស្សនិកជន ក្រសួងវប្បធម៌ តាមរយៈនាយកដ្ឋានសិល្បៈទស្សនីយភាព ដែលមុននេះ មានគំរោងដាក់សម្តែងត្រឹមតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ត្រូវបានផ្លាស់ប្តូរឲ្យមានការសម្តែងដល់ទៅ ២ដង ជាបន្តបន្ទាប់វិញ កាលពីចុងខែមករា និងពាក់ណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅសាលមហោស្របចតុមុខ រាជធានីភ្នំពេញ។

ល្ខោនបាមោជ្ជទ័យ ជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយប្រភេទ ដែលកើតឡើងនៅក្នុងសង្គមខ្មែរ នៅអំឡុងដើមសតវត្សរ៍ទី២០ ។ ទម្រង់ល្ខោននេះ ត្រូវគេបញ្ជាក់ថា បានយកលំនាំទាំងស្រុងពីល្ខោនច្រៀង អូប៉េរ៉ែត ប្រទេសបារាំង ហើយវង់ភ្លេងដែលបម្រើដល់ការសម្តែង គឺប្រើប្រាស់ឧបករណ៍បច្ចឹមប្រទេស តែក្រោយមក ខ្មែរយើងក៏បានបញ្ចូលតន្ត្រីបុរាណ ព្រមទាំងនិពន្ធទំនុកភ្លេង និងទំនុកច្រៀងបែបខ្មែរមកបញ្ចូលថ្មីវិញ។

បើទោះជាមានការអាក់ខាន និងអវត្តមាននៅលើឆាកសំដែងអស់រយៈពេលជិត ៤ទសវត្សរ៍ យ៉ាងណាក៏ដោយ ការសើរើយកមកតំឡើង និងរៀបចំសម្តែងជាថ្មីវិញនេះ ត្រូវគេមើលឃើញថា មានភាពល្អឥតខ្ចោះ ទាំងការទម្រង់នៃការសម្តែង ការរៀបចំឆាក ការរៀបចំសំលៀកបំពាក់ និងការរៀបចំតួរជាដើម ។ តាមការបញ្ជាក់ពីមន្រ្តីជំនាញ ទម្រាំចេញជារូបរាង «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិននេះឡើងបាន គឺមានការរួមបញ្ចូលអ្នកសិល្បៈបុរាណច្រើនទម្រង់ ទាំងអ្នកល្ខោននិយាយ អ្នកល្ខោនបាសាក់ យីកេ អ្នករបាំ និងគ្រូភ្លេងជាច្រើនរូប ដើម្បីធ្វើឱ្យទម្រង់សិល្បៈបុរាណមួយនេះមានភាពរស់រវើក ។

កម្ពុជា ត្រូវបានគេទទួលស្គាល់ថា គឺជាប្រទេសមួយដែលសម្បូរពោពេញទៅដោយសម្បត្តិវប្បធម៌ ប្រពៃណីដ៏សម្បូរបែប និងចំណាស់មួយនៅក្នុងតំបន់។ យោងតាមប្រសាសន៍លោក សាស្ត្រាចារ្យ ណុប សម្បតិ អ្នកជំនាញផ្នែកល្ខោនខ្មែរ បានបញ្ជាក់ថា កម្ពុជាមានទម្រង់ល្ខោនច្រើនរហូតដល់ ២៣ ទៅ២៤ ទម្រង់ ដែលចំនួននេះ ត្រូវលោកសាស្ត្រាចារ្យអះអាងថា សឹងតែគ្មានប្រទេសណាមានច្រើនដូចកម្ពុជាឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់ស្ថាប័នជំនាញ ត្រូវយកចិត្តទុក្ខដាក់រួមគ្នាផ្សព្វផ្សាយនូវទម្រង់ល្ខោនបុរាណដែលកម្ពុជាមានទាំងនោះ និងសិល្បៈផ្សេងៗទៀតដែលបានស្រាវជ្រាវឃើញ និងត្រូវចងក្រង ហើយដាក់ឲ្យប្រើប្រាស់ឲ្យបានទូលំទូលាយ និងអភិវឌ្ឍន៍ឲ្យកាន់តែទំនើប ហើយត្រូវបង្កើតការចាប់អារម្មណ៍ បង្កើតជាវេទិការឲ្យប្រជាពលរដ្ឋបានស្គាល់ ឲ្យស្របតាមទិសស្លោក «រក្សាចាស់ បង្កើតថ្មី និងអភិវឌ្ឍន៍ថ្មី» ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner