នាយករដ្ឋមន្ត្រី ៖ ដរាបណាបក្សប្រជាជន នៅតែដឹកនាំរដ្ឋាភិបាល គោលនយោបាយ ជាតិ គាំពារសង្គម នៅតែបន្តអនុវត្តន៍ដើម្បីប្រជាពលរដ្ឋ
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរដ្ឋាភិបាល គោលនយោបាយជាតិ គាំពារសង្គម នៅតែបន្តអនុវត្តន៍ដើម្បីប្រជាពលរដ្ឋ ខណៈប្រទេសមួយចំនួន ដាក់គោលនយោបាយមិនចេញ ដោយសារ ប្ដូររដ្ឋាភិបាលច្រើនពេក ដាក់ផែនការគោលនយោបាយមក មិនទាន់បានអនុវត្តន៍ស្រួលបួលផង រដ្ឋាភិបាលថ្មី ចូលមកដកចេញវិញបាត់ ។ កត្តានេះ នាំឱ្យគោលនយោបាយគាំពារមួយចំនួន នៅក្នុងប្រទេសទាំងនោះ ជួបបញ្ហាមិនអាចអនុវត្តន៍ចេញបាន ។
ការថ្លែងរបស់សម្ដេចមហាបវរធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្ដេចបវរធិបតី បានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលពិតណាស់ មានប្ដូរពីសម្ដេចតេជោ មកសម្ដេចមហាបវរធិបតី ប៉ុន្តែក្នុងបក្សនយោបាយតែមួយ គោលនយោបាយតែមួយ នាំឱ្យយើងមាននិរន្តភាព នៃគោលនយោបាយ នឹងបន្តគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥នេះរហូត ឱ្យតែ គណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ខ្ញុំជួប ជាមួយប្រទេសមួយចំនួន គាត់ថា គោលនយោបាយ ដាក់អត់ចេញ ដោយសារប្ដូររដ្ឋាភិបាលច្រើនពេក ថ្នាក់ដឹកនាំមួយឡើងមកដាក់ចេញគោលនយោបាយមួយ មិនទាន់បានរៀបចំយន្តការធ្វើអីផង អ្នកថ្មីឡើង លុបចោលបាត់។ កន្លែងខ្លះ គ្រាន់តែកម្មវិធី សុខភាព របស់ប្រជាពលរដ្ឋហ្នឹង ប្រធានាធិបតី ២, ៣អាណត្តិ ប្រធានាធិបតីមួយ ទម្រាំចេញចចារចុះឡើង ដល់ចប់អាណត្តិ ឡើងមកលុបអាហ្នឹងចោលបាត់ អ្នកអត់មានកម្មវិធីគាំពារសង្គមនៅតែអត់ដដែល។ តែសម្រាប់យើង រដ្ឋាភិបាល ពិតណាស់ មានប្ដូរថ្នាក់ដឹកនាំសម្ដេចតេជោ មកខ្ញុំ ប៉ុន្តែគណបក្សតែមួយ គោលនយោបាយតែមួយ យើងមាននិរន្តរភាព នៃគោលនយោបាយនេះ នឹងបន្តធានាបែបនេះ។
សម្ដេចបញ្ជាក់ថា គណបក្សផ្សេងដឹកនាំ ខ្ញុំមិនដឹងទេ គណបក្សផ្សេង គេមិនបន្តគោលនយោបាយនេះទេ អញ្ចឹងឡើងមក គេលុបចោលគោលនយោបាយនេះហើយ ។ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គោលនយោបាយដែលយើងដាក់ ឆ្នាំ២០២៤-២០៣៥ រយៈពេលវែងនេះ គឺធានានូវចីរភាព ហើយយើងជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា នឹងត្រូវបន្តដឹកនាំ រយៈពេលវែងទៅទៀត ដោយសារយើង ធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ ។
សម្ដេចមហាបវរធិបតី បានចោទជាសំណួរថា៖ ហេតុអ្វីបានជារដ្ឋាភិបាលនិយាយអំពីគណបក្ស? ប្រទេសណាក៏រដ្ឋាភិបាលដឹកនាំដោយបក្សដែរ។ រដ្ឋាភិបាលដឹកនាំអនុវត្តន៍គោលនយោបាយរបស់បក្ស ដែលបានដាក់ចេញមុនបោះឆ្នោត ដែលបានសន្យាជាមួយប្រជាពលរដ្ឋ។ អញ្ចឹងដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំ គោលនយោបាយ ដែលយើងដាក់ មានរយៈពេលវែងនេះ នឹងបន្តអនុវត្តន៍ ហើយមានភាពច្បាស់លាស់ មានផែនទីបង្ហាញផ្លូវច្បាស់លាស់ មានយន្តការអនុវត្តន៍ច្បាស់លាស់ ហើយការផ្លាស់ប្ដូរ លុបចោលទទឹងទិស មិនអាចអនុវត្តន៍បាននោះទេ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋឱ្យទុកចិត្តរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹងដឹកនាំបន្តជម្រុញ នូវកម្មវិធីគាំពារសង្គមនេះ ដើម្បីបន្តពង្រឹងការជួយប្រជាពលរដ្ឋ តទៅទៀត ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ