ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅរដ្ឋធានីហាណូយ ទទួលបានជោគជ័យជាច្រើនលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើមាតុភូមិនិវត្តន៍ មកដល់ កម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ រយៈពេល ២ថ្ងៃ នៅរដ្ឋធានីហា ណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ដំណើរទស្សនកិច្ចការងារនេះ គឺជា ការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងទាំងពីរ ផងដែរ ។
លោកបន្តថា ភាគីនៃប្រទេសទាំង២ កម្ពុជា-វៀតណាម បានផ្លាស់ប្ដូរព័ត៌មាន និងការយល់ឃើញអំពីសភាពការណ៍សាកល សភាពការណ៍ប្រទេសរៀងខ្លួន ទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Online Scam) មុននឹងពិនិត្យចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ។
ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ជាយន្តការដ៏មានសារៈសំខាន់ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនាមជាប្រទេសក្បែរខាង ៕





ដោយ ៖ គ្រី សម្បត្តិ