យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ រយៈពេលជាង៦ខែមកនេះមានសំណុំរឿងជាង៥០០ករណីហើយដោះស្រាយម្រេចជោគជ័យជាង១០០ករណី
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានថ្លែងថា៖ចាប់តាំងតែពីការបើកដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋរយៈពេល ជាង៦ខែមកនេះបានទទួលសំណុំរឿងជាង៥០០ករណី ដោយភាគច្រើនពាក់ព័ន្ធវិវាទដីធ្លី វិវាទអាពាហ៍ពិពាហ៍គ្រួសារ វិវាទពាណិជ្ជកម្ម ហើយក្នុងចំណោមនេះការដោះស្រាយបញ្ចប់បាន១១៥ករណី ដែលជាអត្រាមួយខ្ពស់ពីព្រោះថាវាជាសំណុំរឿងផ្សះផ្សាខុសពីការកាត់ក្តីរបស់តុលាការ។
បញ្ជាក់ក្នុងពិធីបើកស្តីពី កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ និយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមនាថ្មីៗមកនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានឱ្យដឹងថា៖អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការរួមចំណែក ក្នុងការលើកកម្ពស់យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថារឿងរាវដែលបានដាក់មកនេះភាគច្រើនជារឿងរ៉ាំរៃ ដោយរឿងខ្លះមានរយៈពេល ២០ឆ្នាំហើយ និងតាមរយៈយន្តការនេះឃើញថា អាចដោះស្រាយបានជាសៈយ៉ាងជោគជ័យ។ ក្នុងចំណោមរឿងទាំងនេះភាគច្រើនស្មុគ្រស្មាញរ៉ាំរៃ ហើយការដោះស្រាយតាមតុលាការកន្លងមកជួបនូវឧបសគ្គច្រើន ហើយពួកគាត់សម្រេចចិត្តយកមកដោះស្រាយតាមរយន្តការនេះគឺទទួលបានលទ្ធផលល្អ ដោយគ្រប់ភាគីទទួលយកបានរៀងៗខ្លួន។ ការបញ្ចប់វិវាទដោយត្រូវគោរពតាមបែបបទ និង នីតិវិធីដែលបានព្រមព្រៀងគ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ថា កន្លងទៅនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន មួយចំនួន រួចមកហើយ រួមមាន៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃ មជ្ឈតការផ្នែកពាណិជ្ជកម្ម, រដ្ឋបាលរាជធានី-ខេត្ត ចំនួន ៤ (រដ្ឋបាលខេត្តកណ្តាល, បាត់ដំបង, កំពង់ឆ្នាំង និងកំពង់ធំ)។
គួរបញ្ជាក់ថាអនុស្សរណៈយោគយល់គ្នាដែលបានរៀបចំឡើងនារសៀលថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥កន្លងមក ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ និយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមនេះដែរ គេឃើញមានការចុះហត្ថលេខាដោយលោកបណ្ឌិត ជិន ម៉ាលីន ជាមួយលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គម ៕





ដោយ៖ម៉ាដេប៉ូ
រូបភាព៖ លោក ជីមភារ៉ា