នគរបាលខណ្ឌឫស្សីកែវ ប្រជុំបូកសរុបការងារ និងលើក​ទិសដៅបន្តប្រចាំខែមីនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និង​លោក​ស្រី ឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំ​ការងារ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានដឹកនាំ​កិច្ច​ប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅ​ការងារប្រចាំខែមីនា ឆ្នាំ២០២៥ របស់អធិការដ្ឋាននគរបាល​ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ​មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងលោក-លោកស្រី អធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ចំណុះ​អធិ​ការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ។

លោកឧត្តមសេនីយ៍ទោ និងលោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការ​រង បានលើកយក អនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ ណែនាំដល់ កងកម្លាំងចុះអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួត​ពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅ សូមបន្តអនុវត្តឱ្យបាន​ម៉ឺង​ម៉ាត់ គឺដើម្បីថែរក្សាការពារ ទ្រព្យសម្បត្តិ អាយុជីវិត និង​សណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច។

បើតាមឧត្តមសេនីយ៍ស្នងការ សូមឱ្យមន្ត្រីអ្នកចុះអនុវត្តច្បាប់ បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រកបដោយ ក្រមសីល​ធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជា កម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ ប្រកាន់យកវិធានការជំនាញ និងវិធាន​ការច្បាប់ ដោយភាពម៉ត់ចត់បំផុត ។ ការចុះអនុវត្តច្បាប់ ចរាចរណ៍​ផ្លូវគោក ចំពោះមន្ត្រីមួយចំនួនតូចណា ដែលរក​ឃើញ​ថា អនុវត្តការងារគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ​នគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់​ខាត ដោយមិនលើកលែងនោះទេ ។

ស្នងការរងដដែល បានបញ្ជាក់ថា ចំពោះមន្ត្រីណា បំពេញការ​ងារ​បានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រម​សីល​ធម៌ វិជ្ជាជីវៈត្រឹមត្រូវ សាកសមជានគរបាលជាតិ ត្រូវតែគាំ​ទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត ។

លោក និងលោកស្រី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏បានស្នើសុំប្រជាពលរដ្ឋទូទៅ សូមចូលរួមគាំទ្រគោរព និងការអនុវត្តច្បាប់ ជាមួយសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner