ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពី នាយិកាផ្នែកឌីជីថល នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសមពី លោកជំទាវ Martina Klement, State Secretary ទទួលបន្ទុកឌីជីថលូបនីយកម្មនិងទំនើបកម្មកិច្ចការរដ្ឋបាល និងជានាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់ អមដោយនាយកនិងសហការីនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung – KAS)។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវ Klement អំពីទិសដៅរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបេសកកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងដំណើរការនេះ រួមមានការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថល ការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលគ្រប់កម្រិត ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ដូចជា ការគិតគូរអំពីការធ្វើអភិបាលកិច្ចលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការជំរុញកិច្ចសហការជាមួយវិស័យឯកជន មានគម្រោងសួនឌីជីថលជាដើម។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍គាំទ្រកិច្ចសហការកាន់តែជិតស្និទ្ធិរវាងកម្ពុជានិងអាល្លឺម៉ង់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សនិងការសហការលើគម្រោងស្រាវជ្រាវនិងនវានុវត្តន៍។

លោកជំទាវ Martina Klement បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលកន្លងមក និងបង្ហាញឆន្ទៈក្នុងការផ្លាស់ប្ដូរបទពិសោធនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់បរិវត្តកម្មឌីជីថលរបស់ភាគីទាំងពីរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner