ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី Rebecca Hunter នាយិកាទីផ្សារ នៃក្រុមហ៊ុន SpaceX – Starlink បានគូសបញ្ជាក់ អំពីឱកាសស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
លោកស្រីនាយិកាទីផ្សារ បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។
លោកស្រីនាយិកាទីផ្សារក៏បានគោរពជម្រាបជូន សម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រី ក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះផងដែរ ។
ជាការឆ្លើយតប, សម្ដេចបវរធីបតី បានសម្ដែង នូវការស្វាគមន៍ និង ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍ ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាង ក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ