ទូតអុីស្រាអែល ប្ដេជ្ញាចិត្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានប្ដេជ្ញាចិត្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
នៅក្នុងឱកាសនៃជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងអ៉ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។
លោកជំទាវក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី ហ៊ុណ ម៉ាណែត បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល។ សម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការ កម្ពុជា-អ៉ីស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត។
សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងបច្ចេកវិទ្យា ជាដើម។
សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ លោកជំទាវ ឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ផងដែរ ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ